រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អំពាវនាវដល់បណ្ដាអង្គភាព ស្ថិតនៅថ្នាក់ក្រោមជាតិ ត្រូវប្រុងប្រយ័ត្នខ្ពស់ លើបញ្ហានៃការប្រើប្រាស់គ្រឿងញៀន


(ភ្នំពេញ)៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវដល់បណ្ដាអង្គភាពពាក់ព័ន្ធ និងមន្ត្រី ដែលស្ថិតនៅថ្នាក់ក្រោមជាតិទាំងអស់ នៃក្រសួងសង្គមកិច្ច ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើបញ្ហានៃការប្រើប្រាស់គ្រឿងញៀន ដែលអាចកើតមានឡើង នៅក្នុងសង្គមគ្រួសារ និងឈានទៅប៉ះពាល់ដល់សង្គមជាតិ។

ឯកឧត្តម ជា សុមេធី បានអំពាវនាវយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកម្មវិធីប្រារព្ធទិវាអន្តរជាតិ ស្ដីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ «គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច» ដែលបានរៀបចំឡើង នៅទីស្ដីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

បើតាមរដ្ឋមន្ត្រី បានបញ្ជាក់ថា គ្រួសារត្រូវបានរាប់បញ្ចូលទាំងជីដូនជីតា បងប្អូនសាច់ញាតិអាណាព្យាបាលបិតា និងកូនចៅជាដើម ដូច្នេះក្នុងនាមជាអ្នកបង្កើតគ្រួសារ ត្រូវមានការទទួលខុស ត្រូវឲ្យបានខ្ពស់ ដោយត្រូវធ្វើយ៉ាងណាឲ្យគ្រួសារមានសុភមង្គល និងពោរពេញទៅដោយសុវត្ថិភាព ព្រមទាំងមានភាពកក់ថែមទៀតផង។

ឯកឧត្តម ជា សុមេធី បានថ្លែងថា «ត្រូវផ្ដល់ភាពកក់ក្កៅទៅដល់កូនៗ និងផ្ដល់ការអប់រំណែនាំទូន្មាន ដល់ពួកគេឲ្យបានច្រើន ព្រោះដើម្បីតម្រង់ទិសឲ្យពួកគេ បានដើរទៅរកផ្លូវត្រូវសម្រាប់អនាគត របស់ពួកគេ ពិសេសគឺត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាថា ពួកគេមិនមានការប៉ះពាល់ជាមួយនឹងគ្រឿងញៀន»

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រសិនបើកូនៗរបស់យើងបានរងផលប៉ះពាល់ដោយសារគ្រឿងញៀននោះ គឺអាចបំផ្លាញសុខភាព និងអនាគតរបស់ពួកគេ ដូច្នេះក្នុងនាមជាអាណាព្យាបាលត្រូវ តែមានកាតព្វកិច្ចក្នុងការការពារ និងថែរក្សាកូនៗឲ្យមានសុវត្ថិភាព និងជៀសឆ្ងាយពីបញ្ហាគ្រឿងញៀការប្រើប្រាស់ និងសេពគ្រឿងញៀនជាដើម។ មួយវិញទៀត ផលប៉ះពាល់ នៃគ្រឿងញៀន គឺអាចធ្វើឲ្យមនុស្សបាត់បង់ស្មារតី និងអាចក្លាយទៅជាមនុស្សវិកលចរិក លែងដឹងខុសត្រូវអ្វីទាំងអស់ រីឯប្រព័ន្ធនៃសុខភាពរាងកាយ ត្រូវចុះទ្រុឌទ្រោមអន់ខ្សោយផងដែរ។

ដូច្នេះឆ្លើយតបលើករណីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យមន្ត្រីដែលស្ថិតនៅក្រោមក្របខណ្ឌនៃក្រសួងសង្គមកិច្ចទាំងអស់ ត្រូវក្តាប់នូវស្ថានការណ៍នេះអោយបាន នឹងត្រូវចៀសឲ្យឆ្ងាយ ដើម្បីសុខ ភាពក្រុមគ្រួសារអនាគតកូនៗ និងសង្គមជាតិទាំងមូល។

យ៉ាងណា ក៏ដោយយុទ្ធនាការនៃការទប់ស្កាត់បញ្ហាគ្រឿងញៀន នាពេលបច្ចុប្បន្ននេះ បានក្លាយជាប្រធានបទក្កៅ ក្នុងការរឹតបន្តឹងឪ្យមានការចូលរួមអនុវត្តពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់បណ្តាក្រសួងនានា និងអង្គការសង្គមស៊ីវិលទាំងអស់នៅក្នុងប្រទេសកម្ពុជា។

គេមើលឃើញថា តាមរយៈយុទ្ធនាការនៃការរឹតបន្តឹងលើរឿងបញ្ហានេះបណ្ដាស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្តីបានខិតខំផ្សព្វផ្សាយពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន និងបានដាក់ចេញជាវិធានការណ៍ ធ្វើតេស្តរកសារធាតុញៀននៅក្នុងខ្លួន។ ហើយបើក្នុងករណីរកឃើញជនណាម្នាក់ ដែលមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន ជននោះនឹងត្រូវបណ្ដេញចេញពីក្របខណ្ឌរបស់ក្រសួងដោយមិនលើកលែង។

ជាក់ស្ដែងក្នុងពេលបច្ចុប្បន្ននេះ ក្រសួងនានានៅ ក្នុងប្រទេសកម្ពុជា បានបន្តអនុវត្តនូវការធ្វើតេស្តទឹកនោមរកសារធាតុញៀននៅក្នុងខ្លួន។ ការធ្វើតេស្តរកសារធាតុញៀននៅក្នុងខ្លួន គឺជាការរួមចំណែកដ៏ធំធេងមួយទៀត បន្ទាប់ពីការទប់ស្កាត់បញ្ហាគ្រឿងញៀនពីក្នុងក្រុមគ្រួសារ។ ដែលនេះអាចចាត់ទុកថា វាគឺជាការបង្ក្រាបទប់ស្កាត់ករណីគ្រឿងញៀនដ៏មានប្រសិទ្ធភាព ក្នុងការមិនឲ្យមានការចរាចរណ៍គ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន ការសេពគ្រឿងញៀន នៅក្នុងអង្គភាពស្ថាប័ននៅក្នុងប្រទេសកម្ពុជា ឬក៏តាមរយៈបុគ្គលខ្លួនផ្ទាល់តែម្តង៕