ឯកឧត្តម ប្រាក់ សុខុន ប្រធានគណៈទាក់ទងការបរទេស នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវMilena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា ចូលជួបសម្ដែងគួរសម


នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន ប្រធានគណៈទាក់ទងការបរទេស នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាបានអនុញ្ញាតឲ្យលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ប្រាក់ សុខុន បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវឯកអគ្គរដ្ឋទូតគុយបាថ្មី ដែលត្រូវបានតែងតាំងឯកអគ្គរដ្ឋទូតគុយបានៅកម្ពុជា​។ ឯកឧត្តមប្រធានបានកត់សម្គាល់ដោយក្ដីរីករាយអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅគុយបាកាលពីឆ្នាំ២០២២ដែលពេលនោះ សម្តេច ជានាយករដ្ឋមន្រ្តី និងទស្សនកិច្ចមកកម្ពុជារបស់នាយករដ្ឋមន្រ្តីគុយបា ដែលជាចំណុចសំខាន់ប្រវត្តិសាស្រ្ដមួយនៃទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា-គុយបា។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកន្លងមក ពាក់ព័ន្ធនឹងកិច្ចការនយោបាយ វិស័យសុខាភិបាល កសិកម្ម អប់រំកីឡា និងវិស័យវប្បធម៌ ជាដើម។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ឯកឧត្តម បានត្រៀមខ្លួនជាស្រេចក្នុងការបំពេញការងារជាមួយលោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរទាំងផ្នែកបក្ស និងផ្នែកសភា ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។
ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូតគុយបាបានសម្តែងនូវការអរគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្តម ប្រាក់ សុខុន ដែលបានឆ្លៀតពេលមមាញឹក អនុញាតឱ្យលោកជំទាវបានចូលជួបសម្តែងការគួរសម។លោកជំទាវបានធ្វើការកើតសរសើ និងសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរដែលបានរីកចម្រើនជាលំដាប់ បន្ទាប់ពីការផ្លាស់ប្តូរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីទាំងពីរកាលពីឆ្នាំ២០២២។លោកជំទាវបានបញ្ជាក់ថា ក្នុងអាណត្តិបេសកកម្មនៅកម្ពុជា លោកជំទាវនឹងខិតខំធ្វើយ៉ាងណាឱ្យទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងគុយបាកាន់តែរីកចម្រើនថែមទៀត។
ឯកឧត្តមប្រធានគណៈទាក់ទងបរទេស និងលោកជំទាវឯកអគ្គរដ្ឋទូតបានសម្តែងនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ និងក្នុងការតស៊ូដើម្បីយុត្តិធម៌ និងការគោរពច្បាប់ និងគោលការណ៍ទាំងឡាយនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។