ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងបញ្ជាក់ថា ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក គឺជាសមិទ្ធផលមួយដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាច្បាប់ដំបូងបង្អស់ សម្រាប់គ្រប់គ្រងការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៅកម្ពុជា។
ឯកឧត្តមបញ្ជាក់ដែរថា ច្បាប់នេះបានកំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍ វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ក៏ដូចជាផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក នៅសណ្ឋាគារភ្នំពេញ និងដោយមានការចូលរួមពីលោក អ៊ូស៊ីណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា លោក សាណូយ កាសីម៉ាសា ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា និងមាន លោក លោកស្រី និងអង្គសិក្ខាសាលាជាច្រើនរូបទៀត។
ឯកឧត្តម ប៉េង ពោធិ៍នា បានបន្ថែមដែរថា ច្បាប់នេះគឺជាឧបករណ៍គតិយុត្តដ៏សំខាន់មួយសម្រាប់ពង្រឹងការគ្រប់គ្រង និងលើកកម្ពស់ការអភិវឌ្ឍវិស័យ ដឹកជញ្ជូនតាមផ្លូវទឹកក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើន ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងដែរថា កម្ពុជាមានបណ្តាញផ្លូវទឹកប្រទាក់ក្រឡាគ្នាដែលផ្តល់នូវសក្តានុពលខ្ពស់ សម្រាប់ការដឹកជញ្ជូនតាម ផ្លូវទឹក ទាំងនៅក្នុងផ្ទៃប្រទេស និងជាមួយបណ្តាប្រទេសនានានៅលើពិភពលោក។ វិស័យដឹក ជញ្ជូនតាមផ្លូវទឹក ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកស្ទួយការអភិវឌ្ឍសង្គម សេដ្ឋកិច្ច, បង្កើតឱកាសដល់អ្នកវិនិយោគជាតិនិងអន្តរជាតិ, បង្កើនការងារជូនដល់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរ សមុទ្រ និងតំបន់ទន្លេ បឹង ស្ទឹង ព្រែក។
ស្របពេលវិស័យដឹកជញ្ជូនតាមផ្លូវទឹកកំពុងមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័សពីមួយ ថ្ងៃទៅមួយថ្ងៃ ការធ្វើអាជីវកម្ម និងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែមួយចំនួន គឺពុំទាន់បានអនុវត្តនិងប្រតិបត្តិទៅតាមលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ជាធរមានឱ្យបានគ្រប់ជ្រុងជ្រោយនៅឡើយ ដែលជាការចាំបាច់និងមានសារៈសំខាន់ដើម្បីគ្រប់គ្រង លើកកម្ពស់ និងអភិវឌ្ឍវិស័យ ដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែល្អប្រសើរ និងប្រកបដោយចីរភាព។
ឯកឧត្តម ប៉េង ពោធិ៍នា បានបន្ថែមថា ដោយមើលឃើញនូវតម្រូវការចាំបាច់ជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងវិស័យដឹកជញ្ជូនតាមផ្លូវទឹក, រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវផែនការអាទិភាពក្នុងការពង្រឹង និងលើក កម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេស រួមជាមួយនឹងការអភិវឌ្ឍ វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែផងដែរ តាមរយៈគម្រោងអភិវឌ្ឍសាងសង់ពង្រីក សមត្ថភាពកំពង់ផែ និងការធ្វើកំណែទម្រង់ ដើម្បីកាត់បន្ថយតម្លៃឡូជីស្លឹក បង្កើនភាពប្រកួតប្រជែង និងផ្តល់សេវាប្រកបដោយភាពឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាព។
បន្ថែមពីនេះឯកឧត្តម ប៉េង ពោធិ៍នា បានបន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានបន្តតម្រង់ទិស និងពន្លឿនការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការដឹក ជញ្ជូនតាមផ្លូវទឹក ដែលត្រូវបានរំលេចយ៉ាងច្បាស់ ជាការងារអាទិភាព នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងន័យនេះក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង និងសហការជាមួយក្រសួង-ស្ថាប័ន ដៃគូ អភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំនូវសេចក្តីព្រាងច្បាប់ ស្តីពីការដឹកជញ្ជូនតាម ផ្លូវទឹក រហូតទទួលបានការអនុម័ត និងប្រកាសឱ្យប្រើប្រាស់ផងដែរ៕