(សៀមរាប)៖ ឯកឧត្តម សៀក សុជាតិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២៤នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន ៤២៤នាក់ ប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា។
នាកាសនោះដែរ ឯកឧត្តម សៀក សុជាតិ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣នេះឡើង គឺដើម្បីគោរពដឹង គុណយ៉ាងជ្រាវជ្រៅចំពោះ បុព្វការីជន ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណបក្ស យុវជនយុវនារី និងអ្នកស្នេហាជាតិ ដែលបានធ្វើពលិកម្មដ៏ធំធេង ដើម្បីប្រទេសជាតិ នៅគ្រប់ដំណាក់កាល ដែលធ្វើឱ្យកម្ពុជា ស្ថិតស្ថេរ គង់វង្សនិងមានអ្វីៗដូចសព្វថៃ្ងនេះ។
ឯកឧត្តម សៀក សុជាតិ បានលើកឡើងថា ដើម្បីអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជានេះ ឯកឧត្តមបានបង្ហាញនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំងជាថ្ងៃប្រវត្តិសាស្រ្ត ចាប់តាំងពីថ្ងៃ បដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តម គតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
ឯកឧត្តមបានបន្តថា ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ មកក្លាយជាប្រទេសសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យយ៉ាងលឿនឆាប់រហ័ស។ ទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏ គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេង នៃការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើ បាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគា្នដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ។
ជាមួយគ្នានេះដែរ ឯកឧត្តម សៀក សុជាតិ រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំឫស្សីលក បានប្រកាសគាំទ្រពេញទំហឹងគម្រោងជីកព្រែកហ្វូណន-តេជោ ដើម្បីបម្រើឱ្យឧត្តមប្រយោជន៍សេដ្ឋកិច្ចជាតិ និងឯករាជ្យខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក៕