ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានចាត់ទុកថា ការផ្តល់សេវារដ្ឋបាល និងការយកកម្រៃសេវារដ្ឋបាល ដែលស្ថិតក្រោមដែនសមត្ថកិច្ច របស់រដ្ឋបាលក្រុង/ស្រុក ហើយធ្វើឡើងក្រៅការិយាល័យច្រកចេញចូលតែមួយ គឺជាអំពើខុសច្បាប់ និងពុំត្រូវឱ្យមានជាដាច់ខាត ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបែបនេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការអនុវត្តការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយ ក្រុងស្រុកទាំង៧ នៃខេត្តពោធិ៍សាត់។
ឯកឧត្តម ខូយ រីដា បានថ្លែងថា ការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្ដុំគ្រប់សេវារដ្ឋបាល ឱ្យនៅកន្លែងតែមួយ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាការបង្ខិតសេវារដ្ឋបាល ឱ្យនៅជិតប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា រដ្ឋបាលក្រុង/ស្រុក ត្រូវបន្តខិតខំបំពេញការងារ តាមតួនាទី ភារកិច្ច ជាពិសេសការលើកម្ពស់គុណភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន ស្របតាមគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្រប តាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកពង្រឹងអភិបាលកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមសូមឱ្យមន្ត្រីបម្រើសេវារដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវជៀសវាងឱ្យបានដាច់ខាត នូវការផ្ដល់សេវាមួយចំនួន ដែលមានការយឺតយ៉ាវ ទាំងការផ្តល់សេវារដ្ឋបាលសាធារណៈ ទាំងការបញ្ជូលទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រ សូមត្រួតពិនិត្យឱ្យបានហ្មត់ចត់ ត្រឹមត្រូវ និងត្រូវបញ្ជាក់លម្អិតអំពីតម្លៃសេវា រយៈពេលផ្តល់សេវា និងសុពលភាព ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងគ្មានការថ្នាំងថ្នាក់ មកលើថ្នាក់ដឹកនាំរបស់យើង។
ជាមួយគ្នានោះ ឯកឧត្តមក៏បានប្រកាសចាត់វិធានការទៅតាមច្បាប់ ដោយគ្មានការលើកលែង ចំពោះមន្ត្រីទាំងឡាយណា ដែលយកកម្រៃលើសេវាសាធារណៈនានា ពីប្រជាពលរដ្ឋលើសពីច្បាប់កំណត់ ពិសេសគឺមន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង/ស្រុកទាំង៧ និងស្មៀនឃុំ/សង្កាត់ទាំង៤៩។ ចំពោះសេវាផ្សេងៗទៀត ក៏អនុវត្តដូចគ្នាដែរ ដូចជាអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ ឬអត្តសញ្ញាណប័ណ្ណ គឺមិនតម្រូវឱ្យបង់ប្រាក់ទេ បើមានករណីបង់ប្រាក់ គឺលោកអភិបាលក្រុង/ស្រុក ត្រូវទទួលខុសត្រូវ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ខូយ រីដា ក៏បានណែនាំដល់អាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវយកចិត្តទុកដាក់ពង្រឹងយន្តការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែរកិច្ចការទាំងនេះ ត្រូវអនុវត្តជាប្រចាំដូចភ្លៀងរលឹម ពិសេសផ្តោតការយកចិត្តទុកដាក់ ក្នុងការអនុវត្តនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ទាំង៧ចំណុច៕