ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធអគារសិក្សា២ខ្នង នៅខេត្តកំពង់ស្ពឺ តាមរយៈសមាគមខ្មែរចិន


អគារសិក្សា២ខ្នង នៃសាលារៀនខ្មែរ-ចិន ហួ ខៀវ ខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ឆាង ជាន អគ្គទីប្រឹក្សាស្ថានទូតចិន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ជាម ចន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគាសិក្សានេះ។ ឯកឧត្តមបានបន្តថា សមិទ្ធផលនៅក្នុងសាលាចិន ហួ ខៀវ កើតចេញពីការសាមគ្គីរួបរួមរបស់សប្បុរសជនក្នុង និងក្រៅខេត្ត តាមរយៈសមាគមខ្មែរចិន សាខាខេត្តកំពង់ស្ពឺ។

លោក ឆាង ជាន ក្នុងនាមស្ថានទូតចិន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំង២កម្ពុជា-ចិន ដែលកំពុងឈានទៅរកទំនាក់ទំនងមិត្តភាពត្បូងពេជ្រ ដែលកាន់តែស៊ីជម្រៅជាងមុន។ ដោយឡែក តាមរយៈការជំរុញពីរដ្ឋាភិបាលនៃប្រទេសទាំង២ ជាពិសេសការចូលរួមចំណែកពីសមាគមខ្មែរ-ចិន ធនធានមនុស្សក្នុងវិស័យអប់រំភាសាចិន កំពុងមានការរីកលូតលាស់គួរជាទីកត់សម្គាល់ ដែលកំពុងក្លាយជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់មួយ។

មានមតិសំណេះសំណាលក្នុងអង្គពិធីនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី នាយករដ្ឋមន្រ្តី ជូនចំពោះលោកយាយលោកតា អ៊ុំពូមីងបងប្អូន ក្មួយៗសិស្សានុសិស្សដែលបានមកចូលរួមពិធីសម្ពោធនេះ។ នាឱកាសនោះផងដែរ លោកសូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ជាពិសេសអ្នកសង្កាត់ស្វាយក្រវ៉ាន់ នូវសមិទ្ធផលថ្មី ដែលនឹងចូលរួមបម្រើដល់វិស័យអប់រំ លើជំនាញភាសាចិនដល់ក្មួយៗកុមារ និងយុវជននៅក្នុងខេត្ត។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានរំលេចនូវទំនាក់ទំនងល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលមានលក្ខណៈយូរលង់ណាស់មកហើយ។ ឯកឧត្តមបន្តថា ផ្លែផ្កា និងការពិតដែលកើតចេញពីទំនាក់ទំនង៦៦ឆ្នាំ បានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានកើតឡើងជាបន្តបន្ទាប់៕