ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអប់រំ គឺជាការវិនិយោគរយៈពេលយូរ ដែលអាចជួយឱ្យប្រជាជនកម្ពុជាចាកផុតពីភាពក្រីក្រ និងមានសមត្ថភាពចូលរួមពន្លឿនការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន តួយ៉ាងគរុសិស្សប្រមាណ ៧៥% ជាកូនអ្នកស្រែចម្ការមកពីស្រុកភូមិដាច់ស្រយាល ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ហើយប្រឡងជាប់ធ្វើគ្រូ ដែលខ្លះបានបន្តការសិក្សានៅទីក្រុងភ្នំពេញ និងខ្លះទៀតក៏បានទៅរៀនបន្តនៅបរទេស បាននាំមកនូវកិត្តិយស និងមោទនភាពជូនក្រុមគ្រួសារ និងសង្គមជាតិ។
ការថ្លែងរបស់ឯកឧ្តម រដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ។
ឯកឧត្តម បានបន្តថា ការពង្រឹងវិស័យអប់រំ គឺជាគន្លឹះនៃការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព ដែលទាមទារនូវការចូលរួមចំណែករបស់ប្រជាពលរដ្ឋដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ កសិករឆ្លាតវៃ អ្នកឯកទេសខាងផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មជាដើម។
ជាមួយគ្នានោះ ក្រសួងបានដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូចំនួន ៥ សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា (ស្តង់ដាទី១)៖ លទ្ធផលសិក្សាសិស្ស (ស្តង់ដាទី២)៖ ការបង្រៀននិងរៀន (ស្តង់ដាទី៣)៖ ការចូលរួមរបស់សហគមន៍ (ស្តង់ដាទី៤)៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន (ស្តង់ដាទី៥) ៖ គណនេយ្យភាពរបស់សាលារៀន។
ទន្ទឹមនេះដែល ក្រសួងនឹងបន្តជំរុញលើកទឹកចិត្ត សាលារៀនទាំងអស់ទូទាំងប្រទែសឱ្យប្រឡងប្រជែងគ្នាដើម្បីសម្រេចស្តង់ដាប្រែក្លាយជាសាលារៀនគំរូ។ តាមរយៈការអនុវត្តស្តង់ដាសាលាគំរូនេះ ក្រសួងជឿជាក់ថានឹងអាចលើកកម្ពស់គុណភាពអប់រំ និងលទ្ធផលសិក្សាសិស្ស ក៏ដូចជាសម្រេចបានគោលដៅដែលចង់ឱ្យគ្រូបង្រៀននៅកម្ពុជាមានតម្លៃ និងកិត្តិយស ព្រមទាំងទទួលបាននូវការគោរពក្នុងសង្គម។
ឆ្លៀតនាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសរំលេចថា រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់គ្រូបង្រៀន ដោយបានរៀបចំកែលម្អផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន តម្លើងប្រាក់បៀវត្សគ្រូបង្រៀន ពង្រឹងគុណវុឌ្ឍិគ្រូ ក៏ដូចជាសាងសង់អគារសិក្សាស្តង់ដា ពិនិត្យឡើងវិញកម្មវិធីសិក្សា និងសៀវភៅគោល ធ្វើអភិបាលកិច្ចសាលារៀន និងធ្វើកំណែទម្រង់ឧត្តមសិក្សា៕




