(កំពត)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្តោតការយកចិត្តទុកដាក់ជាចម្បងលើគុណភាពដឹកនាំ តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ហើយថ្នាក់ដឹកនាំចាំបាច់ ត្រូវតែមានសមត្ថភាពពេញលេញ និងមានឆន្ទ:ពិតប្រាកដក្នុងការបម្រើជាតិដើម្បីជាទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
ការថ្លែងបែបនេះខណៈឯកឧត្តម និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកឈូក នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកឈូក។
ឯកឧត្តមអភិបាលខេត្តកំពត បានបន្តថា ធ្វើជាអ្នកដឹកនាំត្រូវចងចាំថា រាជរដ្ឋាភិបាល បានផ្តល់តួនាទីជាថ្នាក់ដឹកនាំ ដល់មន្ត្រីណាម្នាក់ហើយ មន្ត្រីនោះត្រូវយកតួនាទីដើម្បីបម្រើប្រជាពលរដ្ឋ បម្រើជាតិ មិនមែនពេលបានតួនាទី មានអំណាចហើយ យកអំណាចទៅគាបសង្កត់ ឬបំពានលើប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញ គឺត្រូវយកសមត្ថភាព និងលទ្ធភាពទៅបម្រើរាស្ត្រដោយស្មោះសរបំផុត។
ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ត្រូវយល់ថា តួនាទី គឺជាអម្រែក ខាងមុខរែករាស្ត្រ ខាងក្រោយរែកច្បាប់ ត្រូវស្គាល់ពីទុក្ខលំបាក និងតម្រូវការរបស់ប្រជាពលរដ្ឋជាធំ នៅពេលពលរដ្ឋមានបញ្ហាអ្វីមួយ គឺត្រូវទាញច្បាប់មកមើល ហើយត្រូវដោះស្រាយ និយាយរួម អ្នកកាន់អំណាចដឹកនាំ ត្រូវចេះប្រើទាំងវិធីត្រជាក់ និងវិធានក្តៅតាមស្ថានភាពជាក់ស្តែង។
យោងតាមអនុក្រឹត្យលេខ ៦៥៤អនក្រ.តត ស្តីពីការតែងតាំងមន្ត្រីរាជការ ត្រូវបានតែងតាំងលោក សៅ មឿន ឋានន្តរសក្ដិវរមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកឈូក ខេត្តកំពត ជំនួសលោក នាក់ សុវណ្ណារី អភិបាលស្រុកចាស់ ដែលត្រូវបានទទួលតំណែង ជាសមាជិកក្រុមប្រឹក្សាខេត្តកំពត៕