ឧបនាយករដ្ឋមន្ត្រី ស៊ុន ​ចាន់ថុល៖ មិត្តចិនជាប្រទេសលំដាប់ទី១ ដែលកំពុងផ្តល់ឥណទានសម្បទាន និងជំនួយសរុបជាង ៣ពាន់លានដុល្លារ និងសាងសង់ផ្លូវជិត ៤ពាន់គីឡូម៉ែត្រនៅកម្ពុជា


ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា មិត្តចិនឈរជាប្រទេសលំដាប់ទី១ ដែលបាននិងកំពុងផ្តល់ឥណទានសម្បទាន និងជំនួយជាច្រើន​សរុបប្រមាណជាង ៣ពាន់លានដុល្លារអាម៉េរិក និងសាងសង់ខ្សែផ្លូវប្រវែងសរុបប្រមាណជិត ៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗជាច្រើនទៀត។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសដែលលោកតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបង្គោលផ្លាកឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង» នៅលើកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣។

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «បើនិយាយតែនៅក្នុងក្របខណ្ឌនៃការកសាងនិងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាវិញ មិត្តចិនឈរជាប្រទេសលំដាប់ទី១ ដែលបាននិងកំពុង ផ្តល់ឥណទានសម្បទាន និងជំនួយជាច្រើនសរុបប្រមាណជាង ៣ពាន់លានដុល្លារអាម៉េរិក និងសាងសង់ខ្សែផ្លូវប្រវែងសរុបប្រមាណជិត ៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ ១៦ស្ពាន ប្រវែងសរុបប្រមាណជាង ១៤ពាន់ម៉ែត្រ»

ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ចំពោះវិស័យវិនិយោគវិញសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ មិត្តចិនគឺជាប្រទេសដែលបានបណ្តាក់ទុនវិនិយោគឈរនៅលំដាប់ទី២ ស្មើនឹង ៤២% នៃទំហំវិនិយោគសរុប ដែលមានទុនវិនិយោគប្រមាណ ១.៣ពាន់លានដុល្លារអាម៉េរិក។

ក្នុងនាមប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានវាយតម្លៃខ្ពស់ និងសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែល ជាដៃគូដ៏សំខាន់មួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈទាំងអស់ និងមិនមានលក្ខខណ្ឌស្មុគស្មាញ។ លោកមានសុទិដ្ឋិនិយមថា កម្ពុជា និងចិន នឹងបន្តរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ នេះតរៀងរហូតដល់អ្នកជំនាន់ក្រោយទៀតផងដែរ៕