ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ អញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ជូននូវសម្ភារទ្រទ្រង់ដល់កុមារកំព្រាខេត្តកំពង់ចាម


នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់ជូននូវសម្ភារទ្រទ្រង់ដល់កុមារកំព្រាខេត្តកំពង់ចាម ក្នុងក្រុងកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអញ្ជើញចូលរួមអមដំណើរផងដែរ។

ការនាំអំណោយផ្តល់ជូនមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាមនេះ គឺជាការចូលរួមចែករំលែកជាមួយរដ្ឋបាលខេត្ត និងបន្ថែមការគាំទ្រ ដល់មជ្ឈមណ្ឌល ជួយលើការខ្វះខាតផ្សេងៗទៀត។

នេះជាលើកទី២ហើយ ដែលឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ បាននាំក្រុមគ្រួសារ និងក្រុមការងារ មកជួបសំណេះសំណាល សួរសុខទុក្ខ ស្តាប់ពីការខ្វះខាត និងសំណូមពររបស់ក្មួយៗកុមារកំព្រា និងលោកគ្រូ អ្នកគ្រូ។

ឯកឧត្តម ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា អំណោយនាថ្ងៃនេះផងដែរ រួមមានកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ តុ និងកៅអីកុំព្យូទ័រ កង់ មី ត្រីខ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត ដោយឡែកយើងនឹងបន្តឧបត្ថម្ភអង្ករជារៀងរាល់ខែ។

បន្ថែមពីនេះ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ បានសម្រេចជួសជុលអាគារស្នាក់នៅសិស្សប្រុស អគារស្នាក់នៅសិស្សស្រី អគារស្នាក់នៅម៉ែដោះ បន្ទប់ទឹក និងបង្គន់ផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា ឯកឧត្តម និងភរិយា ក្រៅពីការជួយឧបត្ថមជ្ឈមណ្ឌលកុមារកំព្រា ក៏បានជួយឧបត្ថម្ភដល់វិទ្យាល័យអប់រំពិសេស (កុមារគថ្លង់) ក្នុងខេត្តកំពង់ចាម ផងដែរ នាពេលកន្លងមក ហើយម្សិលមិញនេះ លោក បានចាត់ឲ្យក្រុមការងារនាំយកនូវសម្ភារៈបន្ថែមរួមមាន កុំព្យូទ័រចំនួន ១០ គ្រឿង ព្រីនធ័រចំនួន ២គ្រឿង និងទឹកថ្នាំព្រីនធ័រមួយចំនួនទៀត រួមជាមួយការឧបត្ថម្ភអង្ករចំនួន ២តោន ជារៀងរាល់ខែផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានិត និងលោកស្រី បានសន្យាបន្តចូលរួមចែករំលែកជាមួយរដ្ឋបាលខេត្តកំពង់ចាម និងរាជរដ្ឋាភិបាល ជួយដល់មជ្ឈមណ្ឌលកុមារកំព្រា និងក្មួយៗ នៅវិទ្យាល័យអប់រំពិសេស ដើម្បីចែករំលែកនូវការលំបាក ជាការលើកទឹកចិត្ត និងរួមគ្នាដើម្បីអនាគតប្អូនៗឲ្យកាន់តែប្រសើរឡើង៕