សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ភាគីពាក់ព័ន្ធលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច


ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រឹងការសម្របសម្រួល និងសហប្រតិបត្តិការជាមួយ ក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ និងខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍនានា អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនវឌ្ឍនភាពបន្ថែមលើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ជាពិសេសការចុះបញ្ជី និងការទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច។ នេះបើយោងតាមសាលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្ដរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

ក្នុងសាលិខិតដដែលខាងលើ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ការងារលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងរៀបចំឯកសារគតិយុត្តពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញឱ្យការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិចកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានោះ សម្តេច បានណែនាំដល់ ក្រសួងដដែលនោះ យកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើម ភាគតិច ដោយខិតខំរៀបចំ និងអភិវឌ្ឍន៍ភូមិជនជាតិដើមភាគតិចទៅជាភូមិគំរូ ផ្អែកលើសក្តានុពល វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជន ជាតិដើមភាគតិច ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ខណៈដែលភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយអំពីភាពចាំបាច់ និងសារៈសំខាន់ន ការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច ឱ្យបានទូលំទូលាយ ទៅដល់គ្រប់សហគមន៍ជនជាតិដើមភាគ តិច និងសាធារណជន។

បន្ថែមលើនោះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម ការអភិវឌ្ឍដើរទន្ទឹមនឹងការអភិរក្ស ក្នុងគោលដៅកសាងសង្គមជាតិមួយដែលមានសមាហរណកម្ម សុខដុមនីយកម្ម មិនមានការរើសអើងក្នុងនាមជនជាតិខ្មែរតែមួយ។

សុំបញ្ជាក់ជូនថា បច្ចុប្បន្នជនជាតិដើមភាគតិច ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖ កួយ ទំពួន គ្រឹង ចារាយ ព្នង ព្រៅ កាវ៉ែត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ ង្វៀន លុន ស្ដួច រដែ ខិ រអង ស្ពុង ល្អីន សំរែ និងជនជាតិដើមភាគតិចមួយចំនួនផ្សេងទៀត។ បងប្អូនជនជាតិដើមភាគតិចទាំងអស់ មានប្រមាណជា ១,៤% នៃចំនួនប្រជាជនសរុប និងរស់នៅក្នុងខេត្តមួយចំនួនដូចជា៖ រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប និងនៅតាមតំបន់មួយចំនួនទៀត។ ជនជាតិដើមភាគតិច ប្រកាន់យកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសាផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន។