(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមធ្វើជាអធិបតីភាព ក្នុងពិធីរំលឹកខួប៥ឆ្នាំនៃថ្ងៃបង្កើតការិយាល័យមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម លៀវ ចិនចុង (Liu Zhenzhong) អគ្គលេខាធិការរងនៃមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) និងមន្ត្រីជាច្រើនរូបទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីរំលឹកខួប ៥ឆ្នាំនៃថ្ងៃបង្កើតការិយាល័យ CFPD ប្រចាំកម្ពុជា ដែលពិតជាមានលក្ខណៈពិសេស ដោយសារកម្ពុជា ជាប្រទេសដែលទទួលបានការិយាល័យក្រៅប្រទេសទី១ របស់ CFPD និងជាប្រទេសដែលទទួលបានមូលនិធិធំជាងគេ នៅក្រៅប្រទេសរបស់ចិន ពាក់ព័ន្ធនឹងការអភិវឌ្ឍនៅតាមមូលដ្ឋាន និងសង្គមស៊ីវិល។
លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ឆ្នាំ២០២៤នេះ ក៏ជាខួបអនុស្សាវរីយលើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយឆ្នាំនេះក៏ជាឆ្នាំពិសេស ដែលត្រូវបានកំណត់ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ» ផងដែរ។ ដូច្នេះ ពិធីរំលឹកខួប៥ឆ្នាំ នៃថ្ងៃបង្កើតការិយាល័យរបស់ CFPD ប្រចាំកម្ពុជានាពេលនេះ មិនគ្រាន់តែជាការបូកសរុបសមិទ្ធផលដែល CFPD សម្រេចបានក្នុងរយៈពេលប្រាំឆ្នាំកន្លងមក និងកំណត់ទិសដៅការងារទៅអនាគតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពនៃបង្គោលចរដ៏សំខាន់មួយ ក្នុងទំនាក់ទំនងរវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ ដែលជាផ្នែកមួយមិនអាចខ្វះបានក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចលើកឡើងថា មិត្តភាពកម្ពុជា-ចិនត្រូវបានកសាងឡើងជាច្រើនទសវត្សរ៍មកហើយ ហើយថ្នាក់ដឹកនាំច្រើនជំនាន់នៃប្រទេសទាំងពីរ បានពូនផ្តុំចំណងមិត្តភាពនេះជា «មិត្តដែកថែប» ដែលមានន័យថាជាមិត្ត ដែលមិនអាចបំបែកបំបាក់បានឡើយ។ ក្នុងនោះ ចលនាសង្គមស៊ីវិលបានក្លាយជាផ្នែកដ៏សំខាន់ នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនតាមរយៈកិច្ចសហការរវាងបេះដូង និងបេះដូងរបស់ប្រជាជន ដែលជាការកសាងមូលដ្ឋានដ៏រឹងមាំយូរអង្វែងក្នុងការកសាង «មិត្តត្បូងពេជ្រ» ដែលកំណត់ជោគវាសនារួម នៃសហគមន៍នៃជនជាតិ និង ប្រទេសទាំងពីរបន្ថែមទៀត។
បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ មានប្រសាសន៍ផងដែរថា ក្នុងក្របខណ្ឌមិត្តភាពរវាងប្រជាជន និងប្រជាជន ប្រទេសទាំងពីរត្រូវតែខិតខំកសាង ឱ្យបានកាន់តែរឹងមាំថែមទៀតតាមរយៈកម្មវិធីផ្លាស់ប្តូរ កម្មវិធីកសាងសមត្ថភាពដឹកនាំ សម្រាប់ជាមូលដ្ឋានបន្តវេន ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលកំពុងកសាងអនាគតរួម វាសនារួម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបង្ហាញនូវការគាំទ្រផងដែរ ចំពោះការជំរុញឱ្យប្រទេសទាំងពីរ រដ្ឋាភិបាលទាំងពីរ ប្រជាជនទាំងពីរខិតខំបន្ថែមទៀត ក្នុងការផ្សារភ្ជាប់រវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជាការផ្សារភ្ជាប់គោលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងការទូត និងផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាកិច្ចការដ៏សំខាន់ដែលប្រទេសទាំងពីរត្រូវធ្វើ ដើម្បីកសាងសហគមន៍ជោគវាសនាតែមួយ ឱ្យមានអត្ថន័យច្បាស់លាស់ និងជាប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ និងប្រទេសទាំងពីរ។
ជាងនេះទៅទៀត, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្តែងនូវការគាំទ្រ ចំពោះខ្លឹមសារប្រកបដោយអត្ថន័យជ្រាលជ្រៅ ក្នុងសារលិខិតអបអរសាទរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសារលិខិតអបអរសាទររបស់ឯកឧត្តម លៀវ ជៀនចាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក្នុងឱកាសខួប៥ឆ្នាំរបស់ CFPD ប្រចាំនៅកម្ពុជា ដែលបានបញ្ជាក់ពីការគាំទ្រ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងបុព្វហេតុនៃការរឹតចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន និងចង្អុលបង្ហាញអំពីតួនាទីដ៏សំខាន់ ប្រកបដោយបុរសកម្មរបស់អង្គការសង្គមស៊ីវិល ក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ការិយាល័យ CFPD ប្រចាំកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលការងារ ដ៏ធំធេងក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ក្នុងការចូលរួមពង្រឹងពង្រីកទំនាក់ទំនងសង្គមស៊ីវិល នៃប្រទេសទាំងពីរ និងបានដើរតួជាថ្ពក់មួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់បេះដូងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជនកម្ពុជាតាមរយៈការអនុវត្តគម្រោងកែ លម្អជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសភូមិគំរូ។
សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ សមិទ្ធផលការងាររបស់ CFPD ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ជាសក្ខីភាពយ៉ាងច្បាស់ថា អង្គការអន្តរជាតិមួយនេះ ជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន ៣៤៨ និងអង្គការមិនមែនរដ្ឋាភិបាល និងសមាគមក្នុងស្រុកចំនួន ៦,៣៩២ផ្សេងទៀត បាននិងកំពុងទទួលបាននូវសិទ្ធិស្របច្បាប់ពេញលេញ ក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ក្លៀវក្លា និងប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តផ្តល់នូវលំហសេរីភាពផ្នែកសង្គមស៊ីវិលនៅកម្ពុជា ដោយគ្មានការរើសអើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកទឹកចិត្តដល់ CFPD បន្តសហការជាមួយដៃគូសហប្រតិបត្តិការ នៅកម្ពុជាឱ្យបានជិតស្និទ្ធ ជាពិសេស ជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយបង្កើនសកម្មភាពក្នុងការអនុវត្តគម្រោង កែលំអជីវភាពប្រជាពលរដ្ឋកាន់តែច្រើនបន្ថែមទៀត និងសហការជាមួយបណ្តាសង្គមស៊ីវិលផ្សេងទៀត ក្នុងការកៀរគរមូលនិធិ និងជំនួយដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជន ជាពិសេសកាត់បន្ថយភាពក្រីក្រ៕