លោកជំទាវ ឃួន ឃុនឌី និងឯកឧត្តម សួស យ៉ារ៉ា ប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង៥ ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ


លោកជំទាវ ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានកិត្តិយសចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានប្រកាសសមាសភាព ក្រុមការងារចុះមូលដ្ឋានភូមិទាំង៥ ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិក សមាជិកាជាង ៣០០នាក់។

លោកជំទាវ ឃួន ឃុនឌី បានអបអរសាទរលោក លោកស្រី ដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានតែងតាំងជាប្រធាន អនុប្រធាន សមាជិក និងសមាជិកា នៃក្រុមការងារចុះមូលដ្ឋានភូមិទាំង៥ របស់ឃុំផាត់សណ្តាយ និងមានជំនឿយ៉ាងមុតមាំថា ក្រុមការងារដែលមានសមាសភាពចូលរួមពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងរួមគ្នាជាធ្លុងមួយក្នុងការសហការសម្រេចឲ្យបាន នូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកជំទាវបន្តថា សមាជិក សមាជិកាទាំងអស់ទាំងត្រូវខិតខំកសាងទំនាក់ទំនងល្អជាមួយមហាជន និងធ្វើអំពើល្អជាមួយប្រជាជនគ្រប់មជ្ឈដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្ស ក៏ដូចជាដើម្បីទាក់ទាញការគាំទ្របន្ថែមទៀតពីសំណាក់មហាជនមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ និងជួយតម្រង់ទិសគាំទ្រ បំពាក់បំប៉នពង្រឹងសមត្ថភាពដល់គណបក្សនៅមូលដ្ឋាន សំដៅពង្រឹងនិងលើកកម្ពស់ភាពជាម្ចាស់ ស្មារតីទទួលខុសត្រូវរបស់មន្ត្រីគណបក្ស។

ជាមួយគ្នានេះដែរ លោកជំទាវបានពន្យល់គម្រោងព្រែកជីកហ្វូណនតេជោ ដល់បងប្អូននិងពន្យល់ពីតំបន់ត្រីកោណអភិឌ្ឍន៍នៃប្រទេសទាំង៣ ជាតំបន់ដែលប្រកប ដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ ហើយតំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាម ជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់។

ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថាសាមគ្គីភាព និងការសហការល្អ រវាងក្រុមការងារគណបក្ស និងសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់បម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលនយោបាយ និងអំពើល្អរបស់មន្ត្រីបក្ស គឺជាកត្តាសំខាន់ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងជាកត្តាចម្បង នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមក។

ឯកឧត្តមបានលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋ ឲ្យអស់លទ្ធភាព ជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា ទទួលបាននៅរៀងរាល់ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែគឺជាជោគជ័យរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។

ឯកឧត្តមបានបញ្ជាក់ដល់ក្រុមការងារទាំងអស់ ត្រូវជំរុញការចិញ្ចឹមចលនានៅមូលដ្ឋានឱ្យបានខ្លាំងក្លា និងដោះស្រាយសំណូមពរ បញ្ហាប្រឈម និងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយការពារ ថែរក្សា ពង្រឹងភាពខ្លាំងនិងប្រៀបឈ្នះរបស់គណបក្ស ដើម្បីគណបក្សរក្សាបាននូវតួនាទីក្នុងការដឹកនាំគ្រប់គ្រងប្រទេសជាតិយូរអង្វែង តាមរយៈការដណ្តើមជ័យជម្នះ ឲ្យបានដាច់ខាតនៅគ្រប់ការបោះឆ្នោត។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំបានចែកអំណោយប្រជាពលរដ្ឋខ្វះខាតជីភាព ចំនួន៣៥គ្រួសារ  មួយគ្រួសារៗទទួលបាន  ក្រម៉ា១ , អង្ករ២០គីឡូ , ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ និងថវិកាមួយចំនួន និង បានឧបត្ថម្ភការតាបដល់សិស្សចំនួន២៥នាក់ ផងដែរ៕