សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសាររំលែកមរណទុក្ខ ជូនឯកឧត្តម គង់ សោភ័ណ ចំពោះមរណភាពមហាឧបាសក ហ៊ុន ហេងគង់ ដែលត្រូវជាឪពុកបង្កើត


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែសីហានេះ បានផ្ញើសាររំលែកមរណទុក្ខ ជូនឯកឧត្តម គង់ សោភ័ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចំពោះមរណភាព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់ ដែលត្រូវជាឪពុកបង្កើត។

សាររំលែកទុក្ខរបស់សម្តេចតេជោ មានខ្លឹមសារទាំងស្រុងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីសោកស្តាយយ៉ាងខ្លាំង ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់ ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម បានទទួលមរណភាព នៅថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវឪពុក ឪពុកក្មេក និងជីតា ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ដែលពេញមួយជីវិត មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់ បានបូជាកម្លាំងកាយចិត្ត បញ្ញា ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មាន កូនចៅ ឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយកិរិយាមារយាទល្អ និងគុណធម៌ សម្រាប់សង្គមជាតិ ព្រមទាំងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ល្អមួយរូប ដែលបានរួមចំណែកកសាងលើក ស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ហេងគង់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕