(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ នៃអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៣៣៨គម្រោង ក្រោមទុនវិនិយោគជាង ៦ពាន់លានដុល្លារ កើនឡើង២២០% ដែលបង្ហាញពីលទ្ធផលនៃខិតខំប្រឹងប្រែង របស់ថ្នាក់នាំក្នុងការដើរទាក់ម៉ូយ នៅតាមបណ្តាប្រទេសនានា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងកម្មវិធីបាឋកថា ស្តីពី «សក្តានុពលនៃព្រែកជីកហ្វូណនតេជា សម្រាប់ការអភិវឌ្ឍកម្ពុជា» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ទៀតថា បើធៀបនឹងរយៈពេល១១ខែដូចគ្នា ក្នុងអាណត្តិមុន គម្រោងវិនិយោគក្នុងអាណត្តិថ្មីនេះ បានកើនឡើងចំនួន ១៥១គម្រោង ដោយមានត្រឹមតែ១៨៧គម្រោង ខណៈទុនវិនិយោគបានកើនឡើងពី ២ពាន់លានដុល្លារដល់ ៦ពាន់លានដុល្លារ ពោលកើនឡើង២២០%។ ឯកឧត្តមមានប្រសាសន៍ថា លទ្ធផលនេះបានបង្ហាញថា អ្នកវិនិយោគនៅតែមានការទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគនៅកូរ៉េ នៅជប៉ុន បារាំង ស្វីស អូស្រ្តាលី អេស្ប៉ាញ អាល្លឺម៉ង់ ចិនជាដើម។ ឯកឧត្តមបានឱ្យដឹងថា នៅខែក្រោយនេះ ឯកឧត្តមនឹងបន្តទៅចិន សហរដ្ឋអាមេរិក អឺរ៉ុប និងមជ្ឈឹមបូព៌ា បន្ថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ ពីបណ្តាប្រទេសទាំងនោះ ឱ្យមកបណ្តាក់ទុននៅកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា អ្វីដែលជំរុញឱ្យអ្នកវិនិយោគទាំងនោះ មកបណ្តាក់ទុននៅកម្ពុជា ដោយសារគេមើលឃើញនូវកត្តាមួយចំនួន រួមមាន កត្តាសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ព្រោះគ្មានប្រទេសណាចង់មកបណ្តាក់ទុននៅប្រទេស ដែលអសន្តិភាពនោះទេ។ កត្តា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច ក្នុងរយៈពេល២០ឆ្នាំ រួមនឹងកត្តាផ្សេងៗទៀតដូចជា ស្ថិរភាពអត្រាអតិផរណា, ស្ថេរភាពអត្រាប្តូរប្រាក់ និងកម្រិតបំណុលបរទេសធៀបនឹង GDP នៅតិចជាង៤០%៕
រយៈពេល ១១ខែនៃរាជរដ្ឋាបាលអាណត្តិថ្មី កម្ពុជាទទួលបានគម្រោងវិនិយោគ ៣៣៨ ក្រោមទុនវិនិយោគជាង ៦ពាន់លានដុល្លារ កើនឡើង ២២០%
