ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់៖ តាំងពីកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី បា​នបន្តពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី និងពង្រឹងជំហរកម្ពុជានៅលើឆាកអន្តរជាតិ


ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា ចាប់តាំងពីកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តដាក់ចេញនូវយុទ្ធសាស្ត្រពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី ដែលជាសង្គតិភាព នៃនយោបាយការបរទេសកម្ពុជា សេសសល់ពី ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងការពង្រឹងជំហរកម្ពុជានៅលើឆាកអន្តរជាតិ។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ ថ្លែងបែបនេះ ក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទសារព័ត៌មាន បង្ហាញសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណតិ្តទី៧ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រ ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិរូបនេះ បានអះអាងថា មុខព្រួញសំខាន់របស់នយោបាយការបរទេសកម្ពុជា គឺការទូតសេដ្ឋកិច្ច។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានបញ្ជាក់យ៉ាដូច្នេះថា «ធ្វើតុល្យការមួយឆ្នាំនៃការទូតដ៏សកម្មនេះ គឺជាការណ៍មួយពិបាក មិនមែនងាយស្រួលទេ។ យ៉ាងណាក៏ដោយ យើងអាចសំយោគកិច្ចការ និងលទ្ធផលនៃនយោបាយការបរទេសកម្ពុជា ក្នុងរយៈពេល ១២ខែចុងក្រោយនេះ ដោយអះអាងថា ការទូតកម្ពុជា មានមុខព្រួញពីរសំខាន់ទីមួយ គឺពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី និងទីពីរ គឺពង្រឹងជំហរកម្ពុជានៅលើឆាកអន្តរជាតិ បន្តជំរុញសហគមន៍អាស៊ានឲ្យគោរពកម្ពុជា ជារដ្ឋអធិបតេយ្យពេញលក្ខណៈ រីឯមុខព្រួញសំខាន់ គឺការទូតសេដ្ឋកិច្ច»

បើតាមឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ តាំងពីដំបូងមក រាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលជាថ្ងៃត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលការណ៍មួយច្បាស់ គឺត្រូវពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី។ សម្តេចធិបតី បានបង្ហាញមុខ និងណែនាំមុខឲ្យពិភពលោកស្គាល់សម្តេចលឿនបំផុត គឺជាអាទិភាព ពីព្រោះក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចត្រូវធ្វើការ ឬបន្តធ្វើការជាមួយបណ្តាថ្នាក់ដឹកនាំកំពូលៗក្នុងលោក ជាទ្វេភាគី ជាពហុភាគី នៅក្នុងក្របខណ្ឌអន្តររដ្ឋ នៅក្របខណ្ឌអនុតំបន់ ឬអន្តរជាតិ ហើយនេះ គឺជាការផ្តើមឡើងនូវការពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានបន្ថែមថា គ្រាន់តែ៣ខែដំបូង ត្រឹមខែកញ្ញា ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ជួបជាមួយថ្នាក់ដឹកនាំពិភពលោកជិត៥០នាក់ មានតាំងពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងទាំងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិទៀតផង។

ឯកឧត្តមបានបញ្ជក់ថា ការពង្រឹង និងពង្រីកមិត្តភាព ជាសង្គតិភាពនៃនយោបាយការបរទេសកម្ពុជា ជាយូរណាស់មកហើយ។ និយាយបែបផ្សេង វាជាគោលនយោបាយ ដែលជាការផ្តួចផ្តើមរបស់ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងដែលក្រោយមកសម្តេចតេជោ ហ៊ុន សែន ហើយក្រោយមកទៀត នៅថ្ងៃទី២២ ខែសីហា ២០២៣ បានកែលម្អ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត៕