ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោកវរនាវីឯក វីតាលី លូឆេវ (Vitaly LUCHSHEV) នាយការិយាល័យអនុព័ន្ធយោធា នៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលានាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
នៅក្នុងជំនួបនាឱកាសនោះ លោកវរនាវីឯក វីតាលី លូឆេវ (Vitaly LUCHSHEV) បានជម្រាបជូនឯកឧត្តម រដ្ឋមន្ត្រី អំពីសកម្មភាពការងាររយៈពេល៣ឆ្នាំ របស់លោកនៅកម្ពុជា ដែលបានផ្តោតលើការងារសំខាន់ៗ ដូចជាការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក, រៀបចំការបោះឆ្នោតសាកល បានបង្កើតឡើងនូវរាជរដ្ឋាភិបាលថ្មី ហើយលោកក៏បានកោតសរសើរដល់រាជរដ្ឋាភិបាលអាណត្តិចាស់ ដែលមាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានប្រយុទ្ធរហូតទទួលបានជ័យជម្នះជាមួយនឹងជំងឺកូវីដ-១៩។
លោកវរនាវីឯក ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការលើគ្រប់ផ្នែក ធ្វើឱ្យការបំពេញបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យ។ លោកសង្ឃឹមថា៖ ផ្អែកកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃប្រទេសទាំង២ កម្ពុជា-រុស្សី យើងនឹងបន្តពង្រឹងនិងពង្រីក ហើយជួយជ្រោមជ្រែងដល់លោកអនុព័ន្ធយោធាអាណត្តិថ្មី ដើម្បីបំពេញភារកិច្ចបានល្អប្រសើរ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា៖ រវាងកងទ័ពយើងទាំង២ សហព័ន្ធរុស្សី និង ខ.ភ.ម ធ្លាប់មានប្រវត្តិទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា តាំងពីយូណាស់មកហើយ ហើយយើងនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមបានបន្តទៀតថា៖ ចាប់តាំងពីសម័យ សហភាពសូវៀត និងបន្តរហូតមកដល់សហព័ន្ធរុស្សី ប្រទេសរុស្សីនៅតែបន្តជួយដល់កងទ័ពកម្ពុជាជារៀងរហូត។ ពេលនោះកងទ័ពរុស្សី តែងតែជួយឧបត្ថម្ភទាំងស្មារតី, ការបណ្តុះបណ្តាលធនធានមនុស្ស និងជាសម្ភារ ពិសេសនាយទាហានជាន់ខ្ពស់របស់ ខ.ភ.ម ដែលកំពុងធ្វើការដឹកនាំតាមបណ្តាអង្គភាពជំនាញនានា គឺសុទ្ធតែបានទទួលការបណ្តុះបណ្តាលពីប្រទេសសហភាពសូវៀត។
ឯកឧត្តមបន្តទៀតថា៖ រវាងកងទ័ពយើងទាំង២ នឹងខិតខំធ្វើការផ្លាស់ប្តូរការធ្វើទស្សនកិច្ច ដើម្បីបានដកពិសោធន៏ពីគ្នាទៅវិញទៅមក ពិសេសលើការអនុវត្តការងារបរិច្ចាគកិច្ចការយោធា ដែលរុស្សីសព្វថ្ងៃកំពុងអនុវត្តន៍យ៉ាងមានប្រសិទ្ធភាព ៕



