មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការផលិតមូលធនមនុស្ស​មានសារៈសំខាន់ណាស់សម្រាប់សង្គមជាតិ ដែលទាមទារឱ្យយើងត្រូវមានការយកចិត្តទុកដាក់ខ្ពស់


លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា មកដល់ពេលនេះក្រៅពីធនធានមនុស្សហើយនោះ ការផលិតមូលធនមនុស្ស គឺមានសារៈសំខាន់ណាស់សម្រាប់សង្គមជាតិ នឹងទាមទារឱ្យយើងត្រូវការការយកចិត្តទុកដាក់ខ្ពស់ ដែលការផលិតមូលធនមនុស្សនេះ គឺដើម្បីឱ្យមនុស្សមានបំណិនសម្បទា កាយសម្បទា ចរិយាសម្បទា ចំណេះដឹង និងស្មារតីស្នេហាជាតិសម្បទា ដើម្បីឱ្យក្លាយទៅជាធនធានមនុស្សដែលសង្គមជាតិត្រូវការ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សានុសិស្សសាលាអន្តរជាតិ ចាន់ យុន ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ លោកស្រីបណ្ឌិត សឿ សុជាតា ក្នុងនាមថ្នាក់ដឹកនាំរបស់ក្រសួងអប់រំ ក៏បានកោតសរសើរដល់សាលាអន្តរជាតិ ចាន់ យុន និងបានបញ្ជាក់ថាសាលាមួយនេះកំពុងតែដើរលើគន្លងមួយដ៏ល្អ និងត្រឹមត្រូវក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស ដែលអាចធ្វើឱ្យក្រសួងអប់រំទុកចិត្តបាន ក្នុងការផ្តល់ឱកាសឱ្យគ្រឹះស្ថានសាធារណៈចូលរួមជួយបណ្តុះបណ្តាលធនធានមនុស្ស។

លោកជំទាវបណ្ឌិត សឿ សុជាតា បានបន្ថែមថា ការបណ្តុះបណ្តាលធនធានមនុស្សរបស់វិស័យឯកជននាពេលបច្ចុប្បន្ននេះ កំពុងដើរតួរយ៉ាងសំខាន់ ក្នុងផលិតធនធានមនុស្សប្រកបដោយគុណភាព និងចំណេះដឹង ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដែលបានយកចិត្តទុកដាក់ និងផ្តល់អតិភាពខ្ពស់លើវិស័យអប់រំ ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស។

ជាមួយគ្នានោះលោកជំទាវបណ្ឌិត សឿ សុជាតា ក៏បានថ្លែងកោតសរសើរចំពោះការខិតខំយកចិត្តទុកដាក់ និងការសហការរបស់មាតាបិតា ឬអ្នកអាណព្យាបាលសិស្ស ជាមួយនឹងលោកគ្រូ អ្នកគ្រូ នៃសាលាអន្តរជាតិ ចាន់ យុន ទាំងអស់ ដែលបានព្យាយាម និងចំណាយគ្រប់ពេលវេលាអប់រំ ណែនាំកូន កូនសិស្ស ឱ្យទទួលបានជោគជ័យប្រកបដោយលទ្ធផលដ៏ល្អបំផុត និងបានលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងនេះ តទៅមុខទៀត ដើម្បីអនាគត់ធនធានមនុស្សរបស់សង្គមជាតិ។

នាឱកាសនោះដែរក្រៅពីការថ្លែងអរគុណចំពោះលោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ណុប ចាន់ នាយកសាលាអន្តរជាតិ ចាន់ យុន បានឱ្យដឹងថា កម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់ថ្នាក់ មត្តេយ្យកម្រិតខ្ពស់ ថ្នាក់ទី៦ ថ្នាក់ទី៩ ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរដល់គ្រូឆ្នើម និងសិស្សពូកែទាំងអស់មានដូចជា៖ សិស្សបញ្ចប់មត្តេយ្យកម្រិតខ្ពស់មានចំនួន ៧៦នាក់, សិស្សពូកែបានទទួល ចំណាត់ពីថ្នាក់លេខ ១ដល់ ៣ មានចំនួន ១១៧នាក់។

លោក ណុប ចាន់ បានបន្ថែមថា សិស្សដែលបានបញ្ចប់ថ្នាក់ទី ៦ និង៩ មានចំនួន ៥០នាក់, សិស្សដែលមានផ្នែកអប្បកិរិយាល្អបំផុតមានចំនួន ៧២នាក់ សិស្សថ្នាក់ភាសាអង់គ្លេសកម្រិត៦ ៧ និង៨ មានចំនួន ២៩នាក់, គ្រូឆ្នើម ៣រូប និងបុគ្គលិកដែលគាត់បានបំរើការងារនៅសាលារយៈពេលជាង ៥ឆ្នាំ សរុបសិស្សជ័យលាភីទាំអស់ចំនួន ៣៤៤នាក់៕