លោកយាយ តៅ ហោ អាយុ១០៦ឆ្នាំ ជាជនចាស់ជរាគ្មានទីពឹង ស្ថិតក្នុងគ្រួសារក្រីក្រ រស់នៅក្នុងស្ថានភាពទីទ័លជួបការលំបាកខ្លាំង ក្នុងភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលផ្ទះថ្មីមួយខ្នង ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។
លោកយាយ តៅ ហោ ដែលត្រូវបានទទួលផ្ទះនាពេលនេះ បានសម្តែងនូវសេចក្តីត្រេកអរ និងអរគុណយ៉ាងខ្លាំង ជូនចំពោះ ឯកឧត្តម ខូយ រីដា និងក្រុមការងារ ពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ របស់ប្រជាជនតាមមូលដ្ឋាន និងទីជនបទ ជាក់ស្តែងដូចជារូបគាត់ជាដើម។ លោកយាយបានប្តេជ្ញាគាំទ្រ និងដើរតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជារៀងរហូត។
ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោកយាយ តៅ ហោ អាយុ១០៦ឆ្នាំ ជាជនចាស់ជរាគ្មានទីពឹង ស្ថិតក្នុងគ្រួសារក្រីក្រ រស់នៅក្នុងស្ថានភាពទីទ័លជួបការលំបាកខ្លាំង ពោលគឺមិនទុកឱ្យពួកគាត់រស់នៅដោយភ័យខ្លាច ឬខ្វះស្បៀងបរិភោគឡើយ។
ឯកឧត្តម ខូយ រីដា បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់មើលសុខទុក្ខលោកយាយ ឱ្យបានជាប់ជាប្រចាំ និងចលនាជួយសម្អាតបរិវេណផ្ទះរបស់លោកយាយ ឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះ ត្រូវព្យាយាមដោះស្រាយបញ្ហាផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន ចៀសវាងការព្យាយាមលាក់កំបាំងព័ត៌មាន ដែលធ្វើឱ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់មកលើថ្នាក់ដឹកនាំរបស់យើង។
គួរជម្រាបជូនថា នេះគឺជាផ្ទះទី១០ហើយ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនដល់ជនជាស់ជរា និងគ្រួសារក្រីក្រ រស់នៅក្នុងស្ថានភាពទីទ័ល ជួបការលំបាកខ្លាំង ក្នុងខេត្តពោធិ៍សាត់ តាមរយៈ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ខណៈផ្ទះមួយចំនួនទៀត បាននឹងកំពុងសាងសង់ជាបន្តបន្ទាប់៕