សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូន ឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ចូលរួមរំលែកទុក្ខលំបាក ករណីស្លាប់ រងរបួស និងខូចខាតទ្រព្យសម្បត្តិ ដែលបង្កឡើងដោយព្យុះទីហ្វុង យ៉ាហ្គី


ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតជូន ឯកឧត្តមឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយ និងសេចក្តីអាណិតអាសូរចំពោះប្រជាជន និងរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលរងគ្រោះដោយទឹកជំនន់ បង្កឡើងដោយព្យុះទីហ្វុង យ៉ាហ្គី។

តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូចតទៅ៖

«ឯកឧត្តមជាទីគោរពរាប់អាន!

ខ្ញុំ មានសេចក្តីក្រៀមក្រំក្រៃលែង ដោយបានទទួលដំណឹងអំពីការបំផ្លិចបំផ្លាញដែលបង្កដោយព្យុះទីហ្វុង យ៉ាហ្គី នៅជុំវិញរដ្ឋធានីណៃពិដោ រួមទាំងការបាត់បង់អាយុជីវិតប្រជាជន ការរងរបួស ការខូចខាតយ៉ាង ដំណំឬការបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការជម្លៀសប្រជាជនជាច្រើនគ្រួសារ។

ក្នុងពេលវេលាដ៏សែនសោកសៅនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតចំពោះ ឯកឧត្តម និង តាមរយៈ ឯកឧត្តម ជូនដល់គ្រួសារនៃជនរងគ្រោះ ក៏ដូចជារដ្ឋាភិបាល និងប្រជាជនទាំងអស់នៃសាធារណ រដ្ឋសហភាពមីយ៉ាន់ម៉ា ចំពោះការបាត់បង់ទាំងនេះ។ ខ្ញុំសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិត បាន ទៅដល់សុគតិភព និងសូមជូនពរអ្នករងរបួស ឆាប់ជាសះស្បើយ ហើយប្រទេសមីយ៉ាន់ម៉ាត្រូវបានស្ដារ ឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

សូម ឯកឧត្តម ទទួលសាជាថ្មីនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ»៕