គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមសម្ដែងនូវទុក្ខក្រៀមក្រំប្រកបដោយក្តីក្តុកក្តួលបំផុតដោយ ឯកឧត្តម ប៉ាល់ សំអឿន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា នីតិកាលទី៧ ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង ២១០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមសម្ដែងនូវការសោកស្តាយ គ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះការបាត់បង់ ឯកឧត្តម ប៉ាល់ សំអឿន និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ និងគុណបំណាច់របស់លោក ដែលជាឥស្សរជនដ៏សកម្មមួយរូប ធ្លាប់បាន ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសពឯកឧត្តម ប៉ាល់ សំអឿន ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោក បានទៅកាន់សុគតិភពកុំបីខានឡើយ៕