សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៥ និងរំឭកខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ


(វៀងចន្ទន៍, ឡាវ)៖ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៥ បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤នេះ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ជាប្រធានអាស៊ាន និងឯកឧត្តម យូន សុកយ៉ល ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ។ កិចប្រជុំក៏មានការយាង និងអញ្ជើញចូលរួមពីប្រមុខ​មេដឹកនាំអាស៊ានដទៃទៀតផងដែរ រួមមាន៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម ឡរ៉ែនស៍ វ័ង នាយករដ្ឋមន្ត្រីសិង្ហបុរី ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពិន លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម Ma’ruf Amin អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រខាងកើត ខណៈដែលប្រទេសមីយ៉ាន់ម៉ា បានបញ្ជូនតំណាងរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ បន្ទាប់អវត្តមានអស់រយៈពេល៣ឆ្នាំ។

ភ្ជាប់នឹងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៥ហើយនោះ ក្នុងកិច្ចប្រជុំនេះមេដឹកនាំអាស៊ាន និងសាធារណរដ្ឋកូរ៉េ ក៏បានអបអរសាទរដល់ខួបលើកទី៣៥ នៃទំនាក់ទំនងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដែលសម្រេចបាននូវសមិទ្ធផល និងផ្លែផ្កាជាច្រើន។

សូមបញ្ជាក់ថា អាស៊ាន និងសាធារណកូរ៉េ បានក្លាយជាដៃគូសន្ទនានឹងគ្នានៅឆ្នាំ១៩៨៩។ សាធារណរដ្ឋកូរ៉េ ក៏ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់អាស៊ានផងដែរ។ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានឈានដល់ ១៨៩.៥ប៊ីលានដុល្លារ។ ការវិនិយោគដោយផ្ទាល់ពីសាធារណរដ្ឋកូរ៉េ ទៅកាន់អាស៊ាន មានប្រមាណ ៧.១ប៊ីលានដុល្លារ៕