ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាគណៈកម្មាធិការបង្ការ និងត្រួតពិនិត្យការចម្លងរោគ កាលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះមានគោលបំណង បង្ហាញក្របខណ្ឌផែនការសកម្មភាពការអនុវត្តការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ និងបង្ហាញពីវឌ្ឍនៈភាព នៃការអនុវត្តការបង្ការនិងការត្រួតពិនិត្យការចម្លងរោគក្នុងឆ្នាំ២០២៤ នឹងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥។
លោកស្រីវេជ្ជបណ្ឌិត Li Zhao អ្នកជំនាញ IPC ប្រចាំអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីខាងលិចបានបង្ហាញពីក្របខណ្ឌទាំង៨រួមមាន៖ (១) ការប្តេជ្ញាចិត្តផ្នែកនយោបាយលើ IPC (២)
កម្មវិធី IPC សកម្ម (៣) ការរួមបញ្ចូល និងការសម្របសម្រួល IPC (៤) ការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល (៥) ប្រើប្រាស់ទិន្នន័យសម្រាប់លើកជាសកម្មភាព (៦) ការប្រាស្រ័យទាក់ទង (៧) ស្រាវជ្រាវ និងអភិវឌ្ឍន៍
និង (៨) កិច្ចសហការ និងការគាំទ្រពីភាគីពាក់ព័ន្ធ។
ឯកឧត្តមសាស្រ្តាចារ្យបានផ្តាំផ្ញើដល់អង្គប្រជុំសូមយកចិត្តទុកដាក់លើការធ្វើអនាម័យដៃ ការគ្រប់គ្រងសំណល់ ការសម្លាប់មេរោគលើសម្ភារប្រើប្រាស់ឡើងវិញ កាត់បន្ថយភាពស៊ាំទៅនឹងឱសថប្រឆាំងមេរោគ និងការឈានទៅបង្កើតផ្នែកការបង្ការនិងត្រួតពិនិត្យការចម្លងរោគនៅតាមមន្ទីរពេទ្យនីមួយៗ។
ឯកឧត្តមសាស្រ្តាចារ្យក៏បាន សំណូមពរដល់ដៃគូរអភិវឌ្ឍទាំងអស់ចូលរួមគាំទ្របន្តទៀតទាំងថវិកា និងបច្ចេកទេស ព្រមទាំងជួយដល់ការបោះពុម្ភផ្សព្វផ្សាយនូវគោលការណ៍ណែនាំជាតិ និងរៀបចំសិក្ខាសាលាផ្សព្វផ្សាយឱ្យបានដល់គ្រប់មូលដ្ឋានផ្តល់សេវាសុខាភិបាល និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់។
ជាកិច្ចបញ្ចប់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានចូលរួមកន្លងមក និងបន្តពង្រឹងសមត្ថភាព គុណភាព សីលធម៌វិជ្ជាជីវៈឱ្យកាន់តែប្រសើឡើងដើម្បីពង្រឹងការអនុវត្ត IPC ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស្រ៊ុន ឯកឧត្តមសាស្ត្រាចារ្យ យី ស៊ីយ៉ាន មន្ទីរពេទ្យជាតិ តំណាងដៃគូ WHO JICA KOICA USAID-EQHAII KHANA NUS។




