(កំពង់ចាម)៖ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហាញអំពីសារៈសំខាន់នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលកិច្ចការនេះ តម្រូវឲ្យថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរួមអនុវត្ត ដើម្បីរក្សាឲ្យបានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្នុងខណៈអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោយបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤-២០២៨ និងដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការអនុវត្តគោលនយោយបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងខេត្តកំពង់ចាម ប្រចាំត្រីមាសទី៣ និងលើកទិសដៅបន្តជូនដល់អ្នកពាក់ព័ន្ធ ដោយមានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា គោលនយោបាយរាជរដ្ឋាភិបាល ស្ដីពីការអនុវត្ត ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺមានការអភិវឌ្ឍន៍និតិវិធី ជាដំណាក់កាលៗ ពីព្រោះគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មានសារៈសំខាន់ ដូច្នេះតម្រូវឲ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាអនុវត្ត ទិសដៅគោលបំណងតែមួយគត់គឺ ធ្វើយ៉ាងណាឱ្យរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងផងដែរថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសមាជិកសមាជិកានៃកិចច្ចប្រជុំទាំងអស់ ទទួលយកនូវផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤-២០២៨ យកមកដឹកនាំអនុវត្តបន្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធនានា ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនដែលបានកំណត់ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម លើកកម្ពស់ អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់នានា ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទ នៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម៕