ខេត្តកណ្ដាល ជាប់លេខ១ លើផ្នែកកីឡាពិការភាព និងចំណាត់ថ្នាក់លេខ៤ទូទាំងប្រទេស ដោយទទួលបានមេដាយមាស១៤គ្រឿង ហើយត្រៀមទៅប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤


(កណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានកោតសរសើរដល់ក្រុមកីឡាករ កីឡាករនី ពិសេសដល់ថ្នាក់ដឹកនាំមន្ទីរ គ្រូបង្វឹកទាំងអស់ ដែលចូលរួមដណ្ដើមយកជ័យលាភីលេខ១ ផ្នែកកីឡាជាតិជនពិការ, លេខ៤ទូទាំងប្រទេស ដោយប្រមូលបានមេដាយមាសរហូតដល់ទៅចំនួន ១៤គ្រឿង ដែលនេះជាមោទនភាពណាស់សម្រាប់អ្នកខេត្តកណ្ដាល ក្នុងការប្រកួតក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ហើយត្រៀមយកអ្នកខ្លាំងទៅដណ្ដើមការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤។

ការថ្លែងកោតសរសើរបែបនេះ របស់ឯកឧត្តមអភិបាលខេត្តបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល។

លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់រៀបចំ ការប្រកួតរៀងរាល់ពីរឆ្នាំម្តង ដែលលើកទី១ បានចាប់ផ្តើមនាឆ្នាំ២០១៦ ក្នុងនោះខេត្តកណ្តាល បានដឹកនាំក្រុមកីឡាករ កីឡាការិនី ចូលរួមមានចំនួន ២៣ ប្រភេទកីឡាជាលទ្ធផល ខេត្តកណ្តាលទ ទួលបានចំណាត់លេខ៤ ទូទាំងប្រទេសក្នុងចំណោម ២៧អង្គភាព និងរាជធានី ខេត្ត ដែលបានចូលរួមចំពោះមេដាយដែលទទួលបានរួមមាន មេដាយមាស ចំនួន ១៤គ្រឿង មេដាយប្រាក់ ចំនួន ២០គ្រឿង មេដាយសំរិទ្ធចំនួន ៣០គ្រឿង មេដាយសរុប ៦៤ គ្រឿង ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ បានប្រព្រឹត្តទៅក្នុងឆ្នាំ២០១៨ ខេត្តកណ្តាល បានដឹកនាំក្រុមកីឡាករ កីឡាការិនី ចូលរួមមានចំនួន ២៧ប្រភេទកីឡា ជាលទ្ធផលខេត្តកណ្តាល ទទួលបានចំណាត់លេខ៤ ទូទាំងប្រទេស ក្នុងចំណោម ២៨អង្គភាព និងរាជធានី ខេត្ត ដែលបានចូលរួមចំពោះមេដាយដែលទទួលបានរួមមាន មេដាយមាសចំនួន ១៥គ្រឿង មេដាយប្រាក់ចំនួន ២៥គ្រឿង មេដាយសំរិទ្ធចំនួន ៤៤គ្រឿង មេដាយសរុប ៨៤គ្រឿងផងដែរ។

តាមរបាយការណ៍របស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានលើកឡើងគឺការកីឡាជាតិទាំង៣លើក កន្លងមក ខេត្តកណ្តាល ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងទូទាំងប្រទេស តែកីឡាជាតិជនពិការទើប ចាប់ផ្តើមប្រកួតបានមួយលើក ដែលទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។

ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន ក៏បានកោតសរសើរដោយស្មោះចំពោះការខិតខំ ប្រឹងប្រែង របស់ប្រតិភូ គ្រូបង្វឹក និងក្មួយៗ កីឡាករ កីឡាការិនីទាំងអស់ សម្រាប់ការហ្វឹកហាត់ដើម្បី ត្រៀមចូលរួមប្រកួត កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការជាតិលើកទី២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ដល់កីឡាករ កីឡាការិនី ដែលលេងជាតំណាង ខេត្តកណ្តាលកន្លងមក ដោយក្មួយៗបានបញ្ចេញអស់នូវកម្លាំងកាយចិត្ត ប្រកួតដណ្តើមមេដាយ ផ្តល់កិត្តិយសជូនខេត្តកណ្តាល ធ្វើឱ្យខេត្តកណ្តាលមានមុខមាត់ក្នុងទូទាំងប្រទេស ជាពិសេសថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានខិតខំប្រឹងប្រែងជំរុញវិស័យកីឡាខេត្ត ឱ្យកាន់តែមានការរីកចម្រើនជាលំដាប់។

ឯកឧត្តមបានបន្ថែមថា ខេត្តកណ្តាលមានភ័ព្វសំណាងដោយទទួលបានការដង្ហែភ្លើងគប់ដោយផ្ទាល់ពីចំណុចចាប់ផ្តើមនៃការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោគ ក្នុងស្រុកកៀនស្វាយ ឆ្ពោះទៅកាន់ស្តាតអូឡាំពិក រាជធានីភ្នំពេញ ជាទីកន្លែងប្រារព្ធពិធីបើកកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ដែរថា កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការជាតិលើកទី២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយខេត្តកណ្ដាល មានចំនួនចូលរួមរបស់ប្រតិភូ អ្នកដឹកនាំ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ៤៦៧នាក់ កីឡាការិនីចំនួន ១៥៨នាក់ និងមានប្រភេទវិញ្ញាសាកីឡាចួលរួមចំនួន ៣១ប្រភេទ ក្នុងនោះរួមមាន បាល់ទាត់ (នារី) បាល់ទះក្នុងសាល (នារី) បាល់បោះ (នារី) អត្តពលកម្ម (បុរស នារី) ប៉េតង់ (បុរស នារី) ការ៉ាតេ (បុរស នារី) តេក្វាន់ដូ WTF តេក្វាន់ដូ ITF (បុរស នារី) ប្រដាល់សកល (ប្រុស) ចំបាប់ (បុរស នារី) គុនល្បុក្កតោ (បុរស នារី) គុនដាវ (បុរស នារី) ទូកប្រពៃណី (បុរស នារី) បើកបុកស៊ីង (បុរស នារី) ប្រដាល់គុនខ្មែរ(បុរស នារី) យូដូ (បុរស នារី) លើកទម្ងន់ (បុរស នារី) សីដក់ (បុរស នារី) ហែលទឹក (បុរស នារី) ម៉ូតូទឹក (បុរស) វាយសី (បុរស នារី) ហុកគឺ (បុរស) ទោចក្រយាន (បុរស នារី) វូស៊ូ (បុរស នារី) ទ្រីយ៉ាត្លង (បុរស នារី) សូហ្វតិន្នីស (បុរស នារី) រាំ (បុរស នារី) វាយកូនបាល់(បុរស នារី) វាយកូនគោល (បុរស នារី) ជីជីតស៊ូ (បុរស នារី) អុកចត្រង្គ (បុរស) ចូលរួមផងដែរ៕