រដ្ឋមន្ត្រីក្រសួងអប់រំអូម៉ង់ នឹងរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់គ្រូបង្រៀនខ្មែរឥស្លាម ដើម្បីស្វែងយល់ពីផ្នែកគរុកោសល្យ


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារ ជាមួយលោកជំទាវ បណ្ឌិត Madina bint Ahmed bin Nasser Al Shibiniyah រដ្ឋមន្ត្រីក្រសួងអប់រំ នៃរដ្ឋអូម៉ង់ នៅទីស្តីការក្រសួង ក្នុងរដ្ឋធានីមូស្កាត់ ក្នុងឱកាសលោកអញ្ជើញបំពេញទស្សនកិច្ចការងារ នៅអូម៉ង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិតបានលើកឡើងថា វិស័យអប់រំនៅកម្ពុជាសព្វថ្ងៃនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសការអប់រំក្នុងសហគមន៍ឥស្លាម ក្នុងនោះមានសាលារីកដុះដាលជាបន្តបន្ទាប់ មានសិស្សចូលរៀនច្រើន ស្របជាមួយគ្នាដែរ សហគមន៍ឥស្លាមកម្ពុជាក៏មានសិស្សនិស្សិតទៅបន្តការសិក្សានៅតាមបណ្តាប្រទេសឥស្លាម មានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីក្រេបយកចំណេះដឹងនៅទីនោះ មកអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមក៏បានរំលេចពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ និងផ្តល់ជូនជាច្រើនចំពោះសហគមន៍ឥស្លាមកម្ពុជា ក្នុងនោះទាក់ទងនឹងវិស័យអប់រំ រដ្ឋបានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមទៅក្នុងក្របខណ្ឌ ដែលទទួលបានប្រាក់បៀរវត្ស ដូចគ្រូបង្រៀនទូទៅផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបពីស្ថានការណ៍នៅកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ប្រជាជនត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយមិនមានការរើសអើងពូជសាសន៍ឡើយ។

ជាក់ស្តែងសិស្សនិស្សិតឥស្លាមកម្ពុជា មានឱកាសទទួលបានការអប់រំ ដូចជានិស្សិតទូទៅ ហើយត្រូវបានរដ្ឋាភិបាលសម្រួលឲ្យសិស្សនិស្សិតនារីអាចស្លៀកសំល្លៀកបំពាក់បែបប្រពៃណី និងមានឱកាសបានសិក្សាកម្រិតខ្ពស់ជាងសម័យមុនៗ។

ជាការឆ្លើយតប លោកជំទាវ រដ្ឋមន្ត្រីបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច របស់ឯកឧត្តមទេសរដ្ឋមន្ត្រីទៅកាន់អូម៉ង់ ជាពិសេសបានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ។

លោកជំទាវ បានថ្លែងបន្តថា គាត់មានគម្រោងសិក្សាភាសាអារ៉ាប់មួយ ដែលគ្រោងនឹងសហការជួយស្ថាប័នអប់រំឥស្លាមនៅកម្ពុជា ដូច្នេះប្រសិនសិស្សឥស្លាមកម្ពុជា មានចំណាប់អារម្មណ៍ចង់រៀនភាសាអារ៉ាប់ អាចដាក់ពាក្យសិក្សាតាមប្រព័ន្ធអនឡាញ តាមរយៈគម្រោងនេះបាន។

លោកជំទាវ បានបញ្ជាក់ថា គាត់ស្វាគមន៍ផងដែរចំពោះគ្រូបង្រៀនខ្មែរឥស្លាម ដែលមានបំណងទៅទស្សនកិច្ចសិក្សា នៅប្រទេសអូម៉ង់ ដើម្បីស្វែងយល់ពីរបៀបបង្រៀនបែបគរុកោសល្យដែលក្រសួងមាន ហើយក្រសួងនឹងរៀបចំឲ្យមានទស្សនកិច្ចនេះ ដោយសហការស្ថាប័នពាក់ព័ន្ធ។

លោកជំទាវរដ្ឋមន្ដ្រី បានថ្លែងអំណរអរគុណ និងវាយតម្លៃខ្ពស់ចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើប្រជាជនទូទៅ ជាពិសេសសហគមន៍ឥស្លាមនៅកម្ពុជា ដែលរាជរដ្ឋាភិបាល បានលើកកម្ពស់វិស័យអប់រំឥស្លាម និងបានបង្កភាពងាយស្រួលគ្រប់សព្វបែបយ៉ាង៕