បទ​យកការណ៍​៖ កម្ពុជា​ក្នុង​ភាពជា​ម្ចាស់ផ្ទះ​សន្និសីទ​អន្តរជាតិ​ នៃ​បណ្ដា​គណបក្សនយោបាយ​នៅ​អាស៊ី ​(ICAPP) ​លើក​ទី​១២


ជា​ប្រទេសមួយ​ដែល​បាន​ក្លាយខ្លួនជា​សមាជិក​សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្សនយោបាយ​នៅ​អាស៊ី​​ (ICAPP) នៅ​ឆ្នាំ២០០៣ កម្ពុជា​បានប្រែក្លាយ​ខ្លួន​ជា​សមាជិក​ម្នាក់​ដ៏​សកម្ម រហូត​អាច​វិ​វ​ឌ្ឍ​ខ្លួន​ក្លាយជា​រដ្ឋ​មួយ​ដែល​ទទួលបាន​ការកោតសរសើ​រ និង​ការគាំទ្រ​ពេញលេញ​ពី​ប្រទេស​ជា​សមាជិក ICAPP ហើយ​ត្រឹមតែ​រយៈពេល ៧ឆ្នាំ​ប៉ុណ្ណោះ​ កម្ពុជា​ហ៊ាន​ទទួលយក​តួនាទី​ដ៏​សំខាន់​ជា​ប្រវត្តិសាស្ត្រ​ធ្វើជាប្រធាន និង​ជា​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​មហាសន្និបាត​សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្សនយោបាយ​នៅ​អាស៊ី លើក​ទី​៦ នៅ​ឆ្នាំ​២០១០។

​ដោយសារ​កម្ពុជា​តែងតែ​ដើរតួនាទី​សកម្ម​នៅក្នុង ICAPP តាំងពី​ដំបូង​ទី​មក កម្ពុជា​បាន​ចូលរួមចំណែក​យ៉ាងច្រើន ​តាមរយៈ​ការចូលរួម​កិច្ចប្រជុំ​នានា​របស់ ICAPP។ កម្ពុជាក៏​ជា​សមាជិកគណៈអចិន្ត្រៃយ៍​របស់ ICAPP​ ផងដែរ។ កម្ពុជា​បានរួម​ចំណែក​យ៉ាង​ពេញលេញ​ក្នុង ICAPP ជាពិសេសគណបក្ស​ប្រជាជន​កម្ពុជា បាន​ដើរតួនាទី​យ៉ាងសំខាន់ក្នុងការ​ចូលរួម​ដឹកនាំ​ស្ថាប័ន ICAPP ក៏ដូចជា​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) របស់ ICAPP ដើម្បី​ការតភ្ជាប់​វប្បធម៌​ចម្រុះ​នៅ​អាស៊ី និង​ពិភពលោក​ តាមរយៈ​កិច្ចសន្ទនា ការយោគយល់​គ្នា និង​ការគោរព​គ្នា ព្រមទាំង​ការបង្កើត​ភាពជា​ដៃគូ​ជាមួយនឹង​អង្គការ UNESCO។ ចំណុច​ទាំងនេះ​ហើយ បានធ្វើឱ្យបណ្តា​គណបក្សនយោបាយជាសមាជិក ICAPP ​ផ្តល់​គុណ​តម្លៃ​ជូន​កម្ពុជាធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី លើក​ទី​១២ ជាថ្មី​ម្តងទៀត។

​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ នៃ​មហាសន្និបាត​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP) លើក​ទី​១២ ចាប់ពី​ថ្ងៃទី២១ ​ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែល​ដឹកនាំ​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ធំ និង​ជោគជ័យ​មួយ​បន្ថែមទៀត ​នៃ​ការជួបជុំ​មហា​គ្រួសារ​គណបក្សនយោបាយ​នៅ​អាស៊ី​តំណាងឱ្យ ៥២​ប្រទេស​ និង​ស្ថាប័ន​ជា​ដៃគូ​មកពី​តំបន់​ផ្សេងៗ។ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា ​នឹងធ្វើ​ជា​ប្រធាន​ដឹកនាំ​ «មហាសន្និបាត​លើក​ទី១២ ​នៃ​សន្និសីទ​អន្តរជាតិ​នៃបណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី​» (12 ICAPP-GA) ​អាណត្តិ​ឆ្នាំ​២០២៤-២០២៥ នៅ​រាជធានី​ភ្នំពេញ​។

ការផ្តល់​សេចក្តីទុកចិត្ត​ពី ICAPP ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយឡែក ​ហើយ​ជារួម​ដល់​កម្ពុជា ​ឃើញថា​បណ្តា​គណបក្សនយោបាយ​ទាំងអស់​បាន​សម្លឹងមើល​តួនាទី​សំខាន់​របស់​គណបក្ស​ប្រជាជនកម្ពុជា​ ក៏ដូចជា​កម្ពុជា​ដែល​បាន​រក្សា​នូវ​គោលការណ៍​គ្រឹះ​នៃ​ប្រជាធិបតេយ្យ ផ្អែកលើ​វិធាន​ច្បាប់ និង​វិន័យ​របស់ខ្លួន ពិសេស​កម្ពុជា​បានរួម​ចំណែក​ក្នុង​ការងារ​នានា​របស់ ICAPP ក្នុង​កិច្ច​សហប្រតិបត្តិការ​របស់ខ្លួន​សំដៅ​ឆ្ពោះទៅរក​ការកសាង​ពិភពលោក​មួយ​ដែលមាន​សន្តិភាព​ផង​មាន​ស្ថិរភាព​ផង ​និង​មានការ​អភិវឌ្ឍ​។ កម្ពុជា​ក៏​ចូលរួមចំណែក​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ សហប្រតិបត្តិការ ពហុភាគី ទ្វេភាគី និង​សេដ្ឋកិច្ចសង្គម ​ជាដើម។ ​ហើយ​កម្ពុជា​ក៏បាន​ជួយ​ជំរុញ​ឧ​ត្ត​ម​គតិ​ដ៏​សំខាន់បំផុត​របស់ ICAPP គឺ​ការជួយ​ជំរុញ​ការយោគយល់​គ្នាទៅវិញទៅមក​រវាង​គ​ណ​បក្សនយោបាយ​នានា​។​

​ទាំងអស់នេះ​ធ្វើឱ្យ​កម្ពុជា​មានការ​អភិវឌ្ឍ ហើយ​ផ្តល់​គុណ​តម្លៃ​ពី​បណ្តា​គណបក្ស ICAPP ជូន​កម្ពុជា​ក្នុង​ការដឹកនាំ​កិច្ចប្រជុំ​កំពូល​ម្តងទៀត​ជា​លើក​ទី​២ ដែល​សបញ្ជាក់ឱ្យឃើញ​ពីអ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​គឺ​ទទួលស្គាល់​ជា​អន្តរជាតិ​ពី​បណ្តា​គណបក្សនយោបាយ​លើ​សកលលោក។​

​ឯកឧត្តម ប្រាក់ សុខុន អនុប្រធាន​ទី​១​ព្រឹទ្ធសភា​ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំម​ហា​សន្និបាត​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP) លើក​ទី​១២ ធ្លាប់បាន​លើកឡើងថា​ កម្ពុជា​រៀបចំ​ធ្វើយ៉ាងណា​ឱ្យ​មហា​សន្និបាត ICAPP ប្រព្រឹត្តទៅដោយ​រលូន ​ហើយ​ស្របតាម​មូលបទ ​«ដំណើរ​ស្វែងរក​សន្តិភាព​ និង​ការផ្សះផ្សា​»។ ត្រង់ចំណុច​នេះ ​ឯកឧត្តម ប្រាក់ សុខុន បានលើកឡើង​ថា ​មាន​ទិដ្ឋភាព​ពីរ​នៃ​ភាពជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា​ ទិដ្ឋភាព​ទី​១ ​គឺពាក់ព័ន្ធ​ទៅនឹង​ខ្លឹមសារ និង​ឯកសារ​នានា​ ហើយ​ទិដ្ឋភាពទី​២​ ​គឺ​ទាក់ទង​ទៅនឹង​បដិសណ្ឋារកិច្ច ការ​ស្នាក់នៅ ​និង​សន្តិសុខ សុវត្ថិភាព​របស់​ភ្ញៀវ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ ICAPP ដែលមាន​ជាង ២០០ប្រតិភូ​ ហើយ​មកពី​ប្រទេស​ចំនួន៤២ ​ហើយ​មាន​គណបក្សនយោបាយ​ប្រមាណ ៥៧ គណបក្ស​ និងអ្នកកាសែត​មកពី ១១ ប្រទេស​ថែមទៀត។ ដូច្នេះ ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ​កម្ពុជា​ត្រូវធ្វើ​យ៉ាងណា​រៀបចំ​បរិស្ថាន​ឱ្យបាន​ល្អ​ដើម្បី​ទទួលភ្ញៀវ​ប្រកបដោយផាសុកភាព និង​សុវត្ថិភាព ​ហើយកិច្ចប្រជុំ​ដំណើរការ​ទៅដោយ​រលូន​។

​ឯកឧត្តម ប្រាក់ សុខុន បន្តថា ​តួនាទី​របស់​កម្ពុជា​គឺ​ខិតខំ​ធ្វើឱ្យ​កិច្ចពិភាក្សា​នៃ​កិច្ចប្រជុំ​វិលជុំ​វិញប្រធានបទ ដើម្បី​ផ្ដល់​ផលប្រយោជន៍​ទាំងនេះ​ទៅដល់​ពិភពលោក​ផងដែរ។ ដូច្នេះ​យើង​ត្រូវ​ប្រឹង ត្រូវ​ធ្វើឱ្យចេញពី​បេះដូង​របស់​យើង​ដើម្បីឱ្យ​ភ្ញៀវ​ដែល​មក​ចូលរួម​ប្រជុំ​នេះ​គេ​មាន​ប្រយោជន៍​ខាង​នយោបាយ​ផង និង​គេ​សប្បាយចិត្ត​ដែល​បានមក​ស្គាល់​ប្រទេស​កម្ពុជា​ផង។​

​ឯកឧត្តម ប្រាក់ សុខុន បាន​សង្កត់​ធ្ងន់​ថា​៖ «​នេះហើយ​ជា​អ្វីដែល​គេ​ស្គាល់​កម្ពុជា តាមរយៈ​ការសម្រេចបាន​សន្តិភាព ​និង​ការបង្រួបបង្រួម​ជាតិ​ពេញលេញ​របស់​កម្ពុជា​ អញ្ចឹង​យើង​មានលទ្ធភាព​នៅក្នុង​ការដើរតួនាទី​មួយ ប្រមូល​បញ្ញាញាណ ប្រមូល​គតិបណ្ឌិត​រប​ស់​គណបក្សនយោបាយ​នានា​នៅក្នុង​តំបន់​អាស៊ី ហើយក៏​ជាមួយ​គណបក្សនយោបាយ​នានា​នៅ​ទ្វីប​ផ្សេងទៀត ​មាន​មកពី​អាមេរិក​ឡាទីន និងមកពីអឺរ៉ុប។ អញ្ចឹង​បទពិសោធន៍​កម្ពុជា​គឺ​ការស្វែងរក​សន្តិភាព​នេះ​តែម្ដង​» ។

​ឯកឧត្តម​ បានបន្តថា​៖ “ទ្វីបអាស៊ី​ជា​ទ្វីប​មួយ​ធំ​បំផុត​ដែលមាន​ប្រជាជន​ច្រើន ហើយ​ជា​ទ្វីប​ដែលមាន​ប្រទេស​ខុសៗ​គ្នាច្រើន ទាំង​ផ្នែក​ប្រជាសាស្ត្រ ទាំង​ផ្នែក​ផ្ទៃក្រឡា វប្បធម៌​សាសនា ទំហំ​សេដ្ឋកិច្ច​ និង​ចំនួនប្រជាជន។ ​អញ្ចឹង​វា​មាន​ភាពចាំបាច់​ដើម្បី​យល់​គ្នា​ទោះជា​សាសនា​ខុសគ្នា ទំហំ​សេដ្ឋកិច្ច​ខុសគ្នា ទំហំ​ប្រទេស​ខុសគ្នា ប៉ុន្តែ​ចាំបាច់​ត្រូវមាន​ការយល់​គ្នា។ ​ការយល់​គ្នា​នោះ​នៅក្នុង​គោលដៅ​មួយ​ជួយជំរុញ​វិបុលភាព​នៅក្នុង​តំបន់ ​ប៉ុន្តែ​វិបុលភាព​នោះ​មិនអាច​កើតឡើង​ដោយ​គ្មាន​សន្តិភាព​បាន​នោះទេ ​លុះត្រា​តែមាន​សន្តិភាព​ទើប​មានការ​អភិវឌ្ឍ។ កម្ពុជាគាំទ្រ​ដំណើរការ​អភិវឌ្ឍ​រប​ស់​ប្រទេស​នានា​ និង​តំបន់​ ក៏​ដូច​ពិភពលោក​ទាំងមូល ​ហើយ​គាំទ្រ​នូវ​កិច្ចការ​ប្រតិបត្តិការ​ខាង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និងសហប្រតិបត្តិការ​នានា​នៅក្នុង​ការប្រឆាំង​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដែលជាឧ​ត្ត​ម​គតិ ICAPP ហើយស្របទៅនឹង​គោលនយោបាយ​របស់​ការបរទេស​របស់​កម្ពុជា​តែម្ដង អញ្ចឹង​ហើយ​បានជា​កម្ពុជា​អាចរួមចំណែក​ពេញ​លេញ​នៅក្នុង​ការងារ​របស់ ICAPP​។​

​លោក ជុង អ៊ីយ៉ុង (Jung Eui-Yong) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ICAPP កាលពីថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៤ នៅ​ទីក្រុង​សេ​អ៊ូ​ល ​បាន​ថ្លែងថា​៖ «​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​ដឹកនាំ​ស្ថាប័ន ICAPP ក៏ដូចជា​ ACC របស់ ICAPP ដើម្បី​ការតភ្ជាប់​វប្បធម៌​ចម្រុះ​នៅ​អាស៊ី និង​ពិភពលោក​តាមរយៈ​កិច្ចសន្ទនា ការយោគយល់​គ្នា និង​ការគោរព​គ្នា ​ជាពិសេស​ការបង្កើត​ភាពជា​ដៃគូ​ជាមួយនឹង​អង្គការ UNESCO»​។​

​ក្នុង​ភាពជា​ម្ចាស់ផ្ទះ ​កម្ពុជា​បានជ្រើសរើស​មូលបទ​ស​ម្រា​ប់​មហាសន្និបាត​គឺ «ដំណើរ​ស្វែងរក​សន្តិភាព និង​ការផ្សះផ្សា​»​ នេះ​មិនមែន​ជាការ​ធ្វើឡើង​ដោយ​ចៃដន្យ​ទេ​គឺ​ផ្អែកទៅលើ​កត្តា​ពីរ​ជាធំ​ ទីមួយ​គឺ​ផ្អែកទៅលើ​បទពិសោធន៍​របស់​កម្ពុ​ជា ​និងមេរៀន​របស់​កម្ពុជា​ដែល​ទទួលបាន​ក្នុងការ​ស្វែងរក​សុខសន្តិភាព ការចរចា​សម្រេចបាន​សន្តិភាព ការផ្សះផ្សា​ជាតិ ការឯកភាព​ទឹកដី ​និង​ប្រមូលផ្ដុំ​កិច្ចប្រឹងប្រែង​ជាតិទាំងមូល​ដើម្បី​កសាង​ប្រទេស​ឡើងវិញ​ដែលមាន​ការអភិវឌ្ឍរ​ហូត​ដល់​សព្វថ្ងៃនេះ​ជា​ការពិត​ជាក់ស្តែង។ ​ទី​ពីរ ​ផ្អែកទៅលើ​បំណងប្រាថ្នា​ជា​អ្វីដែល​ប្រជាជន​នៅលើ​ពិភពលោក និង​នៅក្នុង​តំបន់ ​និង​ក៏​ជាតម្រូវការ​នៅក្នុង​តំបន់ និង​ពិភពលោក គឺ​ចង់បាន​សន្តិភាព​ខ្ពស់។ សន្តិ​ភាពជា​ភាពចាំបាច់​មួយ​សម្រាប់​តំបន់​ និង​ពិភពលោក ហើយ​នេះ​ក៏​អាច​ចាត់ទុក​តួនាទី​មួយ​នៅក្នុង​ការគិតគូរ​ស្វែងរក​ពិភាក្សា​បញ្ចុះបញ្ចូល​ប្រទេស​នានា​ដែល​កំពុង​តែមាន​ជម្លោះ​ឱ្យ​វិល​មក​ពិភាក្សាគ្នា ហើយ​ស្វែងរក​ការបញ្ចប់​សង្គ្រាម​តាម​មធ្យោបាយ​ការទូត ​និង​ការចរចា​គ្នា​។ អញ្ចឹង​កម្ពុជា​អាចមាន​តួនាទី​នៅក្នុង​កិច្ចការងារ​នេះ ដែល​ធ្វើឱ្យពិភពលោក​កាន់តែ​ស្គាល់​កម្ពុជា ក្នុងភាពជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា ក្នុង​ទិដ្ឋភាព​ពីរ ទី​១​ គឺ​ទិដ្ឋភាព​វប្បធម៌​ដោយសារតែ​ប្រាសាទអង្គរវត្ត​និងទី២ គឺ​ទិដ្ឋភាព​សន្តិភាព ដែល​ប្រទេស​តិចតួច​ណាស់​នៅលើ​ពិភពលោក​សម្រេចបាន​សមិទ្ធ​ផល​ក្នុងការ​ស្វែងរក​សន្តិភាព និង​ការផ្សះផ្សា​ជាតិ​ដូច​កម្ពុជា​ដែល​បានបញ្ចប់​សង្គ្រាម​រាំ​រ៉ៃ​ដែល​អូស​បន្លាយ​មក​ជាង ៥០០ឆ្នាំ ​មកជា​ប្រទេសមួយមាន​សុខសន្តិភាព​ពេញលេញ មាន​ការផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ និងឯកភាព​ទឹកដី។

​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ពិតជា​មានក្តី​សោមនស្ស​រីករាយ ​និង​មោទនភាព ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី ICAPP លើក​ទី​១២។ ហេតុនេះ​សូម​បងប្អូន​ជនរួមជាតិ​ សូម​ត្រៀម​រៀបចំ​គ្រប់​លក្ខណៈសម្បត្តិ​ក្នុងនាម​ជាម្ចាស់ផ្ទះ ​ដោយ​រង់ចាំ​ទទួល​ស្វាគមន៍​ប្រតិភូ​ និង​ភ្ញៀវ​អន្តរជាតិ​មកពីគ្រប់ទិសទី​ជុំវិញ​ពិភពលោក​ដើម្បី​ទទួលយក​នូវ​ស្នាមញញឹម​រួសរាយ​រាក់ទាក់​ជាមួយនឹង​ឥរិយាបថ​ស្លូតបូត​សុភាពរាបសា​ថ្លៃថ្នូរ​របស់​ប្រជាជន​កម្ពុជា​យើង​ ដែល​កំពុង​រស់នៅក្នុង​សន្តិភាព​ពេញលេញ ​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​៕