សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្តត្រៀមសម្ពោធអគាររដ្ឋបាលថ្មីរដ្ឋសភា នៅរសៀលថ្ងៃនេះ


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្ត តាមបែបទំនៀមទម្លាប់ ប្រពៃណី សាសនា ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន មុននឹងរៀបចំពិធីដាក់សម្ពោធប្រើប្រាស់ផ្លូវការអគាររដ្ឋបាលថ្មីរបស់រដ្ឋសភានៅរសៀលថ្ងៃនេះ។
អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាដែលមានកម្ពស់១២ជាន់ សាងសង់អស់ទឹកប្រាក់២៥លានដុល្លារសហរដ្ឋអាមេរិក ជាជំនួយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដាក់សម្ពោធឱ្យប្រើប្រាស់នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកានេះ ក្រោមអធិបតីភាពសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម។
អគាររដ្ឋបាលថ្មីនេះនឹងបំពេញបន្ថែមនូវតម្រូវការរបស់រដ្ឋសភា ដូចជាបន្ទប់របស់គណៈកម្មការជំនាញរដ្ឋសភា សាលប្រជុំធំ តូច និងការិយាល័យរបស់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់សេវាជូនតំណាងរាស្រ្តក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ កាន់តែមានប្រសិទ្ធភាពឡើង៕