ជំនួបកម្រិតខ្ពស់នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៤ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ស៊ី ជីន ពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ បានលើកឡើងផងដែរអំពីការពង្រឹងទំនាក់ទំនងជឿជាក់ និងទំនុកចិត្តខាងនយោបាយ ដោយបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងបក្ស និងបក្ស និងរវាងរដ្ឋទាំងពីរ។
សម្តេចតេជោ បានស្នើសុំមិត្តចិនបន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន ជំរុញការវិនិយោគ ដែលមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍសេដកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ។
ឆ្លៀតនាឱកាសនោះ សម្តេចតេជោ ប្រធានព្រឺទ្ធសភា បានថ្លែងនូវសេចក្តីអំណរគុណដល់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ចំពោះការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលមិនមែនជាគម្រោងថ្មីទេ ដោយសារជាគម្រោងមានតាំងពីសម័យព្រះបាទ អង្គឌួង មកម្ល៉េះ។ គម្រោងនេះ អនុញ្ញាតឱ្យកម្ពុជា មានឯករាជ្យភាពខាងវិស័យដឹកជញ្ជូនផ្លូវទឹក និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចច្រើន។
សម្តេចតេជោ បានស្នើបន្ថែមថា ចិន និងកម្ពុជា៖ ១) បន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោក ការបង្រ្កាបបទល្មើសល្បែងអនឡាញ …។ល។
២) បន្តពង្រឹងទំនាក់ទំនងរវាងបក្ស និងបក្ស ជាពិសេសទំនាក់ទំនងរវាងចលនាមហាជន និងគណៈទាក់ទងបរទេស។ តាមបទពិសោធន៍របស់សម្តេចតេជោ ការ ស្គាល់គ្នាដែលចាប់ផ្តើមពីយុវជន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន គឺមានអត្ថប្រយោជន៍ ក្នុងការពង្រឹងទំនាក់ទំនងរវាងគណ បក្សទាំងពីរទៅអនាគត។
និង ៣)បន្តពង្រឹងទំនាក់ទំនងកិច្ចការបរទេស ជាពិសេសក្នុងវេទិកាតំបន់ និងអន្តរជាតិ៕



