គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់ ទទួលការងារជួសជុលផ្លូវក្រាលដីល្បាយក្រួស ១ខ្សែ ប្រវែង ១៣គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប


(សៀមរាប)៖ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួលលើការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ១៣,០០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិវ៉ារិន ទៅភូមិនេល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ការអនុវត្ត ១០០% តាមការស្នើសុំរបស់អ្នកទទួលការ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ក៏បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានជួយសហការចូលរួមណែនាំដល់រថយន្តធុនធ្ងន់ សូមកុំឱ្យដឹកលើសទម្ងន់ដែលនាំឱ្យខូចខាតផ្លូវ ពីព្រោះរាជរដ្ឋាភិបាលបានចំណាយថវិកាអស់ជាច្រើន ដើម្បីស្ថាបនាផ្លូវនានានៅទូទាំងប្រទេសកម្ពុជា សម្រាប់បម្រើការធ្វើដំណើរ និងជញ្ជូន។ល។ និង។ល។

ប្រជាពលរដ្ឋរស់នៅភូមិវ៉ារិន ទៅភូមិនេល ឃុំវ៉ារិន ស្រុកវ៉ារិន បានបង្ហាញនូវការសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសផ្លូវថ្នល់ដែលជាសរសៃឈាមដ៏មានសារសំខាន់បំផុត ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់ ឱ្យកាន់តែមានភាពល្អប្រសើរឡើង។

ពួកគាត់បានលើកឡើងថា ពួកគាត់កំពុងរីករាយ នឹងផ្លូវដ៏ស្អាតមួយខ្សែ ដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ពួកគាត់ ដោយផ្លូវនេះ គឺពិតជាមានសារសំខាន់ណាស់ ក្នុងការធ្វើដំណើរ និងការដឹកកសិផលរបស់ពួកគាត់ទៅកាន់ទីផ្សារ កាន់តែងាយស្រួលជាងមុន៕