លោកស្រី លី Li Zeqing ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃសកលវិទ្យាល័យប៉េកាំង តំណាងឱ្យគណៈប្រតិភូសមាគមលើកកម្ពស់បច្ចេកវិទ្យាគ្រប់គ្រងសេដ្ឋកិច្ចអន្តរជាតិប៉េកាំង (Beijing International Economic Management Technology Promotion Association)បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជាដែលមានភាពល្អប្រសើរ ។
ចំណាប់អារម្មណ៍នេះបានបញ្ចេញឱ្យដឹងក្នុងជំនួបពិភាក្សាការងារកាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ រវាងឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាជាមួយគណៈប្រតិភូសមាគមលើកកម្ពស់បច្ចេកវិទ្យាគ្រប់គ្រងសេដ្ឋកិច្ចអន្តរជាតិប៉េកាំង ដែលតំណាងដោយលោកស្រី Li Zeqing ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃសកលវិទ្យាល័យប៉េកាំង ។ ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងជំនួបដ៏ស្និទ្ធស្នាលនេះ លោកស្រីប្រធានគណៈប្រតិភូ បានជម្រាបឯកឧត្ដម ជា វុទ្ធី នូវចំណាប់អារម្មណ៍ចំពោះបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជាដែលមានភាពល្អប្រសើរ និងទាក់ទាញខ្ពស់ ហើយលោកស្រីបានណែនាំឱ្យសហគ្រាសឆ្នើមដែលបានអញ្ជើញចូលរួមអមដំណើរ ធ្វើការសិក្សាសមិទ្ធិលទ្ធភាពលើមុខសញ្ញាគន្លឹះ និងអាទិភាពនានាសំដៅច្បាមយកកាលានុវត្តភាព និងទីផ្សារ។
លោកស្រីក៏បានកត់សម្គាល់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ចិនដែលត្រូវបានថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរធ្វើការដំឡើងកម្រិត និងបន្ស៉ីគ្នារវាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេស។
ទស្សនកិច្ចរបស់គណៈប្រតិសមាគមលើកកម្ពស់បច្ចេកវិទ្យាគ្រប់គ្រងសេដ្ឋកិច្ចអន្តរជាតិប៉េកាំង មកកាន់កម្ពុជាគឺក្នុងគោលបំណងពង្រឹង និងពង្រីកការឈ្វេងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ចំណែកឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍ជូនចំពោះគណៈប្រតិភូដែលបានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ដើម្បីពិនិត្យនូវវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមបានគូសរំលេចអំពីភាពរីកលូតលាស់នៃទំនាក់ទំនងកម្ពុជា-ចិនដែលបានឈានដល់កម្រិតខ្ពស់បំផុត ហើយភាគីទាំងពីរបានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ, ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករ ដែលនាំមកនូវផលប្រយោជន៍រូបវន្តដល់ប្រទេសទាំងពីរ។
ឯកឧត្តម ជា វុទ្ធី បានបញ្ជាក់ជូនភ្ញៀវថា រំហូរគម្រោងវិនិយោគផ្ទាល់ពីសាធារណរដ្ឋប្រជាមានិតចិនលើទឹកដីកម្ពុជាតែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ ហើយនិន្នាការនៃកំណើនត្រូវបានរំពឹងថានឹងបន្តកើនឡើងជាលំដាប់ក្នុងឆ្នាំខាងមុខ។ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថាវត្តមានរបស់សហគ្រាសចិននឹងបន្តបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជានាពេលខាងមុខសំដៅចូលរួមធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រីកទីផ្សារឈានឆ្ពោះសម្រេចបាននូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលភ្លឺថ្លា និងចែងចាំង៕



