ពិធីចុះហត្ថលេខាសហប្រតិបត្តិការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ដំណាក់កាលទី២៤


នៅសាលប្រជុំសាលាខេត្តកំពង់ធំ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ មានរៀបចំពិធីចុះហត្ថលេខាបន្តកិច្ចសហប្រតិបត្តិការក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមពលីជីវិតក្នុងសម័យសង្គ្រាមនៅលើទឹកដីខេត្តកំពង់ធំ ដំណាក់កាលទី២៤ នារដូវប្រាំងឆ្នាំ២០២៤-២០២៥ ក្រោមអធិបតីភាពលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅខេត្តកំពង់ធំ និងលោកវរសេនីយ៍ឯក ហ្វាម ខាន់ទាន់ អនុប្រធានយោធាខេត្ត និងជាអនុប្រធានគណៈកម្មការជំនាញរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមខេត្តប៊ិញភឿកនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកវរសេនីយ៍ឯក ហ្វាម ខាន់ទាន់ បានថ្លែងអំណរគុណអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជនកម្ពុជា ដែលបានសហការល្អលើវិស័យមនុស្សធម៌ ក្នុងការជួយផ្ដល់ព័ត៌មាននិងស្រាវជ្រាវជីកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមឱ្យបានវិលត្រឡប់ទៅកាន់មាតុភូមិវិញ។

ក្នុងឱកាសនោះ លោក ជា វ៉ាន់ចាន់ បានថ្លែងអំណរគុណចំពោះវីរភាពកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានសហការជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបន្តសហការជួយការពារទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍ប៉ុលពតវិលត្រឡប់មកវិញបាន និងបានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការក្នុងការងារមនុស្សធម៌ដើម្បីស្រាវជ្រាវ និងជីកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នឹងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញ ដែលក្រុមគ្រួសារសាច់ញាតិរបស់ពួកគាត់កំពុងរង់ចាំអដ្ឋិធាតុនៅឯប្រទេសកំណើត។

សូមបញ្ជាក់ផងដែរថា តាមរបាយការណ៍អំពីលទ្ធផលនៃការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅខេត្តកំពង់ធំក្នុងរយៈពេលកន្លងមកបានចំនួន ១១៦៤អដ្ឋិធាតុ និងបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញរួចហើយ៕