ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា សម្តែងនូវសេចក្តីសោមនស្សរីករាយណាស់ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា។
តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី២៥ ខែធ្នូនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសរំលេចថា ចាប់តាំងពីឆ្នាំ២០១៧មក រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងដើម្បីជួយកម្ពុជាជីកអណ្តូងនិងស្រះទឹកជិត២០០០ និងសាងសង់ផ្លូវដែលមានប្រវែងជាង១៥០គីឡូម៉ែត្រក្នុងតំបន់ជនបទ។ ភាគីចិននឹងបន្តជួយភាគីកម្ពុជាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅតាមតំបន់ជនបទ។
ការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត បានធ្វើឡើងក្រោយចូលជួប ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងជំនួបសម្លេងការគួរសម និងពិភាក្សាការងារនាពេលថ្មីៗនេះ។
គួររំលឹកផងដែថា ក្នុងជំនួបនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងអំពីចក្ខុវិស័យ និងទិសដៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយទីជនបទឱ្យមានភាពរីកចម្រើន មានកំណើនប្រាក់ចំណូលក្នុងគ្រួសារ និងប្រជាជនជនបទមានសុខភាពល្អ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅជនបទ និងកាត់បន្ថយគម្លាតសង្គម តាមរយៈការកំណត់យកចក្ខុវិស័យ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” និងបានបន្តដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៤រួមមាន៖ (ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, (ទី២) ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង(ទី៤) ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកអំពីទិសដៅយុទ្ធសាស្រ្តមួយទៀតដែលក្រសួងកំពុងយកចិត្តទុកដាក់ និងអនុវត្តនោះគឺការរៀបចំភូមិគំរូ ដោយកម្មវិធីនេះក៏ស្ថិតក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕





