(ភ្នំពេញ)៖ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានស្នើដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងគ្រប់អង្គភាពទាំងអស់ ត្រូវស្រលាញ់ និងសហការគ្នា ធ្វើការងារ និងបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងប្រកបដោយទំនុកចិត្ដខ្ពស់។
ការថ្លែងបែបនេះរបស់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ភាពជាអ្នកដឹកនាំ និងកិច្ចសហការរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យថ្នាក់ជាតិ» ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង នាយក នាយករង ប្រធានការិយាល័យ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ចំនួន ៨២រូប និងជំនួយការនាយសាល រហូតដល់ថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យកាល់ម៉ែត ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ Zoom ចំនួន ៤៣៤នាក់ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីចំណុចសំខាន់ៗ ដែលពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការបម្រើសេវាព្យាបាល ជូនអ្នកជំងឺសំដៅប្រសិទ្ធភាព ដោយត្រូវធ្វើការសហការគ្នាគ្រប់ផ្នែក រវាងមន្ទីរពេទ្យនិងមន្ទីរពេទ្យ ក្នុងនោះត្រូវធ្វើការខិតខំក្នុងការសង្រ្គោះនៅនឹងកន្លែងឱ្យបានគ្រប់ជ្រុងជ្រោយ ដោយក្រុមការងារពហុជំនាញ និងឯកទេស មុននឹងពិចារណាបញ្ជូនបន្ត និងដោយទាន់ពេលវេលា ជាមួយទំនាក់ទំនងបន្តឥតដាច់ពីមូលដ្ឋានសុខាភិបាលមួយ ទៅមូលដ្ឋានសុខាភិបាលមួយទៀត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលលោកបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការទទួលខុសត្រូវពីដើមដល់ចប់ លើការបញ្ជូនអ្នកជំងឺពីមូលដ្ឋានឯកជន មកសាធារណៈ និងការខិតខំព្យាបាលអ្នកជំងឺដោយប្រើអស់សមត្ថភាពនៅហ្នឹងកន្លែងនីមួយៗ។
ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងជាអនុសាសន៍គន្លឹះៗ ដល់ថ្នាកដឹកនាំមន្ទីរពេទ្យជាតិ ដោយត្រូវអនុវត្តឱ្យបានកាន់តែប្រសើរ និងកាន់តែល្អបំផុត ក្នុងនាមជាអ្នកដឹកនាំ គឺត្រូវតែជាគំរូលើគ្រប់ទិដ្ឋភាព ទាំងការដឹកនាំលើស្មារតី បច្ចេកទេស រដ្ឋបាល និងគ្រប់គ្រងទូទៅជារួម។ ដើម្បីកាន់តែធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពជាអ្នកដឹកនាំ អ្នកដឹកនាំមិនត្រូវលាយឡំបុគ្គលភាព ជាមួយភាពជាអ្នកដឹកនាំទទួលខុសត្រូវចំពោះមុខអង្គភាពនោះទេ។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានជំនឿជាក់លើថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ លើភាពស្មោះត្រង់ ស្មារតីទទួលខុសត្រូវ សុចរិតភាពពីបេះដូង លើការងារដឹកនាំ លើការសម្រេចចិត្ត កិច្ចការទំនាក់ទំនងគ្នាដោយការគោរព សំដៅលទ្ធផលពិតប្រាកដ ដែលជាប្រយោជន៍រួម ប្រយោជន៍សាធារណៈ ដែលនោះកាន់តែពង្រឹងទំនុកចិត្ត និងស្មារតីប្រកបដោយគុណធម៌ មេត្តា ករុណា ដល់គ្រប់ៗគ្នានៃអង្គភាពទាំងអស់ក្នុងវិស័យសុខាភិបាល។
ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥ ខាងមុខនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ បានជូនពរ សូមទទួលបានសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចការងារ ដល់មន្ដ្រីសុខាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទាំងកម្ពុជា៕