សមាជិក គ.ជ.ប លើកឡើងថា ការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ មានរយៈពេល៨ថ្ងៃ


ឯកឧត្ដម សោម សូរីដា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានលើកឡើងថា ការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ មានរយៈពេល៨ថ្ងៃ ដោយត្រូវចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការ គ.ជ.ប. ឯកឧត្ដម សោម សូរីដា បានគូសបញ្ជាក់ថា ការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុមានទិសដៅឱ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ជូនអ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែង ក្នុងមណ្ឌលក្រុងកំពង់សោមនៃខេត្តព្រះសីហនុ។ ឯកឧត្ដមបន្តថា ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។ សម្រាប់សកម្មភាពទាំងនោះមានជាអាទិ៍ ការជួបប្រជុំជាសាធារណៈរបស់គណបក្សនយោបាយ ឬបេក្ខជន។ ឯកឧត្ដមសមាជិក គ.ជ.បរូបនេះបានបន្ថែមថា ការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងក្រុងកំពង់សោម ខណៈ ការជួបជុំ ឬការឃោសនាតាមផ្ទះរបស់អ្នកបោះឆ្នោត។ ចំពោះសកម្មភាពបិទផ្សាយបដា ពាក្យស្លោក ឬកម្មវិធីនយោបាយ ឬរូបភាពឃោសនាផ្សេងៗ និងសកម្មភាពចែកចាយខិត្តបណ្ណគណបក្សនយោបាយជាដើម។

ឯកឧត្ដម សោម សូរីដា សមាជិក គ.ជ.ប. បានគូសបញ្ជាក់ទៀតថា គ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ត្រូវចាប់ផ្តើមពីម៉ោង ៦ព្រឹក ដល់ ម៉ោង ១០យប់ និងត្រូវឈប់សម្រាកនៅ ចន្លោះ ពីម៉ោង១០យប់ ដល់ម៉ោង ៦ ព្រឹក។ ចំពោះសកម្មភាពឃោសនាបោះឆ្នោត ដោយឧបករណ៍បំពងសំឡេងត្រូវហាមឃាត់ជាទូទៅចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ ម៉ោង ២ រសៀល។ ឯកឧត្ដមអះអាងថា គ.ជ.ប. អនុញ្ញាតឱ្យគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះសម្រាប់ការបោះឆ្នោត លើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ អាចហែក្បួនព្យុហយាត្រា ក្នុងអំឡុងពេលឃោសនាបោះឆ្នោតនេះយ៉ាងច្រើន២ដង នៅក្នុងមណ្ឌលក្រុងរបស់ខ្លួន។ ជាមួយគ្នានេះដែរ ការហែក្បួនព្យុហយាត្រា ត្រូវបានអនុញ្ញាតឱ្យធ្វើក្នុងក្របខ័ណ្ឌសង្កាត់ទាំង៥ នៃក្រុង- កំពង់សោម។ ទន្ទឹមនេះ គណបក្សនយោបាយសាម៉ី ត្រូវជូនដំណឹងទៅ គ.ខ.ប. ព្រះសីហនុ យ៉ាងហោចណាស់ ឱ្យបាន ៣ ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។ ចំណែក ក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗត្រូវរក្សាសុវត្ថិភាពអ្នកចូលរួម និងសណ្តាប់ធ្នាប់ល្អនៅតាមដងផ្លូវ ទីប្រជុំជន ទីសាធារណៈ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍។

គួរបញ្ជាក់ដែរថា ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនៃ ខែមករា ឆ្នាំ២០២៥៕