កម្ពុជា និងអង់គ្លេស ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រវាងប្រទេសទាំងពីរ


នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបការសម្តែងការគួរសមរបស់ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ  ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃទំនាក់ទំនងល្អប្រសើរ និងយូរអង្វែងរវាងកម្ពុជា និងអង់គ្លេស ព្រមទាំងបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។