សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសាទរ និងវាយតម្លៃខ្ពស់លើក្រុមហ៊ុន JTI ចំពោះជោគជ័យសម្រេចបានកន្លងមក ជាភាពជាគម្រូល្អនៃអនុលោមភាពសារពើពន្ធ និងជាសមាជិកក្រុមធុរជនល្អបំផុត ព្រមទាំង ការចូលរួមរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និង ការផ្តល់ប្រព័ន្ធអគ្គិសនីប្រើពន្លឺព្រះអាទិត្យនៅបណ្តោយផ្លូវជាតិនានា។
នៅក្នុងឱកាសអនុញ្ញាតឱ្យ លោក Eddy Pirardអគ្គនាយក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Japan Tobacco International (JTI) សកលលោក និងសហការី ចូលជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ បានរំឭកអំពីអតីតកាលដែលគ្រួសារសម្តេចក៏ជាគ្រួសារកសិកររស់នៅតាមដងទន្លេមេគង្គដែលដាំថ្នាំជក់ និងចែករំលែកអំពីការវិវត្តនៃការសម្រេចជាគោលនយោបាយលើថ្នាំជក់របស់សម្តេច ពីពេលដែលចរន្តពិភពលោក មិនទាន់មានការហាមឃាត់ការជក់បារី រហូតមកទល់នឹងពេលបច្ចុប្បន្ន។ ក្នុងគោលដៅបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសម្តេចតេជោ បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាព និងទាក់ទាញការវិនិយោគបន្ថែមទៀត ជាពិសេសពិពិធកម្មផលិតកម្មលើវិស័យផ្សេងទៀតតួយ៉ាងដូចជាឧស្សាហកម្មឱសថ និងកែច្នៃអាហារ ។ ជាក់ស្តែង កម្ពុជា បាននឹងកំពុងក្លាយជាប្រទេសនាំមុខគេដែលដាំ និងប្រមូលផលស្រូវ និងគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលកន្លងទៅនេះ។
សម្តេចតេជោ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តកិច្ចសហប្រតិបត្តិការល្អ និងឱ្យបានជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញកិច្ចសហការសិក្សាស្រាវជ្រាវដោយប្រើប្រាស់បច្ចេកវិទ្យា និងបទពិសោធល្អៗ ជាពិសេស បទពិសោធជប៉ុន លើការជ្រើសរើសពូជ ការប្រើប្រាស់ដី និងបច្ចេកទេសកេ្សតសាស្រ្តដាំដុះ ជាពិសេស ដីដែលគ្មានឬមានល្បាប់តិចតួច សំដៅជួយកសិករបង្កើនគុណភាព និងទិន្នផលដាំដុះសន្លឹកថ្នាំជក់នៅកម្ពុជា។ សម្តេច បានបន្ថែមថា ក្រុមហ៊ុន គួរសហការជាមួយសហគមន៍ដាំដុះសន្លឹកថ្នាំជក់ ដែលជាសមាជិកម៉ាកសមូហភាពរបស់ក្រសួងពាណិជ្ជកម្ម សិក្សា បង្កើនការផលិត និងពង្រីកទីផ្សារនាំចេញ ដើម្បីធានាបាននិរន្តរភាពនៃការដាំដុះក្នុងទំរង់ភាពជាដៃគូឈ្នះ-ឈ្នះ ផងដែរ៕


