នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានជួបពិភាក្សាការងារជាមួយ លោក Philippe Orliange នាយកទទួលបន្ទុកតំបន់ភូមិសាស្ត្រ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នៅទីស្នាក់ការកណ្ដាល AFD។
ឯកឧត្ដមរដ្ឋមន្ត្រីនិងលោកនាយក បានរំឭកពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាង ក.ប.ទ. និង AFD លើការងារបរិវត្តកម្មឌីជីថល រួមមានការសិក្សាបុរេសមិទ្ធិលទ្ធភាពលើគម្រោងពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថល និងនវានុវត្តន៍ឌីជីថល រួមមានគម្រោងជំនួយបច្ចេកទេសលើគោលនយោបាយទិន្នន័យបើកចំហ គម្រោងជំនួយបច្ចេកទេសពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថល និងគម្រោងមន្ទីរពិសោធជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ ជាដើម។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបលោកនាយកអំពីសន្ទុះបរិវត្តកម្មឌីជីថលនៅកម្ពុជាលើគ្រប់ផ្នែក ជាពិសេសការតភ្ជាប់ឌីជីថល ធនធានមនុស្សឌីជីថល ក្របខណ្ឌអភិបាលកិច្ច ការរៀបចំសួនឌីជីថល និងបច្ចេកវិទ្យាឌីជីថលរបស់រាជរដ្ឋាភិបាល រួមមានថ្នាល verify.gov.kh ជាដើម។
ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ សម្រាប់ការអភិវឌ្ឍ វិស័យឌីជីថលនៅកម្ពុជា និងស្នើឱ្យ AFD ជំរុញគម្រោងមន្ទីរពិសោធជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យឱ្យបានជោគជ័យក្នុងពេលឆាប់ៗ ព្រមទាំងពិនិត្យលទ្ធភាពពង្រីកកិច្ចសហការលើផ្នែកធនធានមនុស្ស ថ្នាលសម្រាប់ការអប់រំ និងការទាក់ទាញក្រុមហ៊ុនឌីជីថលមកដំណើរការនៅកម្ពុជា ដើម្បីចូលរួមពង្រឹងអេកូឡូស៊ីបញ្ញាសិប្បនិម្មិតនិងវិស័យឌីជីថលនៅកម្ពុជាឱ្យទាន់សភាពការណ៍វិវត្តក្នុងវិស័យនេះ។
