(ប៉ៃលិន)៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារមូលនីធិ និងយុវជន ស.ស.យ.ក បានអញ្ជើញសំណេះសំណាលសួរសុខ ទុក្ខ ជាមួយលោកតា លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភ ប្រចាំខែពីមូលនិធិ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកយាយ លោកតាចាស់ជរា ទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេរតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
លោកជំទាវបណ្ឌិតប្រធានមូលនីធិ បានលើកឡើងថា រាជដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោសែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យជាពិសេសហេដ្ឋា រចនាសម្ព័នរូបវ័ន្ននានា រួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបានយកចិត្ត ទុកដាក់គិតគូពីសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយឲ្យពលរដ្ឋណាម្នាក់ស្លាប់ អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានបញ្ជាក់ថា មូលនិធិចាស់ជរានេះ បានបង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំ ឡើងទៅដែល ពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរ ដើម្បីចិញ្ចឹមជីវិតបាន ក៏ដូចជា ការជួយលើកកំពស់កម្រិត ជីវភាព និងបំប៉នថែរទាំសុខភាពលោក យាយលោកតា ដោយមិន ប្រកាន់បក្ខពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្ស ចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែអំពើល្អ។
លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិចាស់ជរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនិធិចាស់ជរា តែង តែជួយឧបត្ថម្ភថវិកាដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ បានធូរស្រាលមួយកម្រឹតធំ។
សូមបញ្ជាក់ថា មូលនិធិចាស់ជរា ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន៧៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន១០ម៉ឺនរៀល រួមជាមួយអង្ករ ២៥គីឡូក្រាមផងដែរ៕