អភិបាលខេត្តកំពង់ចាម ណែនាំក្រុមការងារលេខាធិការដ្ឋានឲ្យពង្រឹងប្រសិទ្ធភាពការងារ និងខិតខំបំពេញភារកិច្ច ដោយឈរលើទស្សនៈវែងឆ្ងាយ


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ បានណែនាំក្រុមការងារលេខាធិការដ្ឋាន ឲ្យពង្រឹងប្រសិទ្ធភាពការងារ ខិតខំបំពេញភារកិច្ចជូនរដ្ឋបាលខេត្ត ដោយឈរលើទស្សនៈវែងឆ្ងាយ ត្រៀមខ្លួនក្នុងនាមជាមន្រ្តីបន្តវេន។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅសាលប្រជុំតូចសាលាខេត្ត នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការដឹកនាំការងារប្រចាំថ្ងៃរបស់លេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងផងដែរអំពីការងារ នៃការរៀបចំរចនាសម្ព័ន្ធលេខាធិការដ្ឋាន ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ របៀបរបបការងារ ការទំនាក់ទំនង និងបូកសរុបរបាយការណ៍ចំណូលចំណាយរបស់លេខាធិការដ្ឋាន។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារលេខាធិការដ្ឋាន ត្រូវយកចិត្តទុកដាក់លើការងារចំនួន៤រួមមាន៖

*ទី១៖ ថ្នាក់ដឹកនាំ អង្គភាពនីមួយៗ ត្រូវចេះប្រមើលមើលមន្រ្តី ដែលមានទេពកោសល្យ និងត្រូវពង្រឹងសមត្ថភាព មន្រ្តីបង្គោលរបស់ខ្លួន ឲ្យចេះការងារ ដូចជា ធ្វើរបាយការណ៍ ចេះសរសេរសុន្ទរកថា ចេះបទអន្តរាគមន៍ និងចេះសរសេរបទបង្ហាញឲ្យថ្នាក់ដឹកនាំ។

*ទី២៖ ត្រូវចេះពង្រឹងសមត្ថភាពខ្លួនឯង ជាប្រធានអង្គភាព ជាអ្នកទទួលខុសត្រូវការងារតាមជំនាញ តាមវិស័យ ហើយមន្រ្តីរបស់ខ្លួន សូមកុំឲ្យខ្ជីខ្ជាលើការអនុវត្តការងារតួរនាទីភារកិច្ចរបស់ខ្លួន។

*ទី៣៖ រដ្ឋបាលខេត្ត ត្រូវពិនិត្យមើលពាក់ព័ន្ធកម្មវិធីប្រជុំនានា របស់ថ្នាក់ដឹកនាំ ដោយត្រូវយកចិត្តទុកដាក់ទៅលើការៀបចំឯកសារ។

*ទី៤៖ មិនត្រូវមើលស្រាលការងារនោះទេ ត្រូវចេះទទួលខុសត្រូវ លើមុខងារ និងត្រូវមានភាពរឹងមាំ ធន់ និងមានឆន្ទៈមោះមុត៕