បទដ្ឋានបច្ចេកទេស ទទួលបានការគាំទ្រពីអូស្ត្រាលី គឺជាទំព័រថ្មី សម្រាប់បន្តរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានរបស់កម្ពុជា


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា “បទដ្ឋានបច្ចេកទេសដែលទទួលបានការគាំទ្រពីមិត្តអូស្ត្រាលី គឺជាទំព័រថ្មីមួយបន្ថែមទៀត សម្រាប់បន្តរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានរបស់កម្ពុជា។ បទដ្ឋានបច្ចេកទេសផ្លូវ និងស្ពាន ដែលបានធ្វើបច្ចុប្បន្នភាពទាំងនេះ រួមជាមួយនឹងកម្មវិធីពង្រឹងសមត្ថភាពនឹងជួយឱ្យយើងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានប្រកបដោយសុវត្ថិភាព ធន់ និងធានានិរន្តរភាពក្នុងការប្រើប្រាស់ឱ្យកាន់តែប្រសើរ ដើមី្បបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ និងជួយជំរុញពិពិធកម្មវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសោភ័ណភាព និងគុណភាព”។

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើនៅក្នុងពិធីប្រគល់ទទួល និងប្រកាសឱ្យប្រើប្រាស់បទដ្ឋានបច្ចេកទេសសំណង់ផ្លូវ និងស្ពាន ជំហានទី១ និងប្រកាសជំនួយបច្ចេកទេស ជំហានទី២ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ដេរិក យីប (Derek YIP) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដេរិក យីប បានរម្លឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី ក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងបានបញ្ជាក់បន្ថែមថា “ភាពជាដៃគូរវាងកម្ពុជា-អូស្ត្រាលី បានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តថា រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី រីករាយក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជាលើការកសាង និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលមានលក្ខណៈសមស្របសម្រាប់កម្ពុជា ដើមី្បរួមចំណែកដល់កំណើនសេដ្ឋកិច្ច សង្គមប្រកបដោយបរិយាបន្ន និងភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ”។

គួរបញ្ជាក់ជូនថា ក្រោយពីប្រគល់-ទទួលឯកសារបទដ្ឋានបច្ចេកទេសនេះ ក៏មានការប្រកាសពីជំនួយបច្ចេកទេស ជំហានទី២ ផ្តោតលើការកសាងសមត្ថភាពរបស់វិស្វករជំនាញ និងមន្ត្រីបច្ចេកទេសកម្ពុជា ក្នុងការពង្រឹងសមត្ថភាពអនុវត្តបទដ្ឋានបច្ចេកទេសថ្មីៗឱ្យមានប្រសិទ្ធភាពជាអតិបរមា តាមរយៈការរៀបចំសិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល និងការចែករំលែកចំណេះដឹង ដែលនឹងប្រែក្លាយជាកម្លាំងចលករជួយជំរុញដ៏មានសក្តានុពលក្នុងការប្រើប្រាស់បទដ្ឋានបច្ចេកទេសទាំងនេះឱ្យកាន់តែទូលំទូលាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕