(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្រសួង ត្រូវសម្លឹងឱ្យបានវែងឆ្ងាយលើការងារនគរូបនីយកម្ម ដែលមិនគ្រាន់តែជាការរៀបចំគូរប្លង់ ឬប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនោះទេ។
ការថ្លែងបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដី និងនគរូបនីយកម្ម នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។
ថ្លែងទៅកាន់អង្គពិធី, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ីប៉ាស៊ីហ្វិក (JFPR) តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានផ្តល់ការគាំទ្រក្នុង «គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដី និងនគរូបនីយកម្ម» នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកថាគម្រោងនេះ ជាគម្រោងមួយដ៏មានសារៈសំខាន់និងសមស្របតាមពេលវេលារបស់យើង ហើយឆ្លើយតបទៅនឹងអ្វីដែលជាចំណុចសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ពីព្រោះគម្រោងនេះជាឱកាសសាកល្បងយកក្រុងកំពត ប៉ោយប៉ែត និងក្រុងបាវិត មកគិតគូរក្នុងការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលការងារនេះជាការពង្រឹងមុខងារសាធារណៈសម្រាប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះការរៀបចំទីក្រុងក៏ត្រូវការធនធានមនុស្ស ដែលមានការយល់ឃើញប្រហាក់ប្រហែលគ្នា និងមានការឯកភាពគ្នានោះទើបការងាររៀបចំទីក្រុងអាចដំណើរការបានល្អ និងអភិវឌ្ឍន៍តាមសក្តានុពលនៃតំបន់នីមួយៗ ដើម្បីរក្សានិរន្តរភាពរបស់ទីក្រុងនិងទាញយកផលប្រយោជន៍សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។
លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកនគរូបនីយកម្ម ថាជាកិច្ចការដ៏សំខាន់ ជានិមិត្តរូបនៃការរស់រានមានជីវិតនិងការលូតលាស់របស់យើង ដើម្បីរៀបចំដែនដីនិងសេដ្ឋកិច្ចឱ្យដើរលើផ្លូវត្រឹមត្រូវ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្រសួង ត្រូវសម្លឹងឱ្យបានវែងឆ្ងាយលើការងារនគរូបនីយកម្ម ដែលមិនគ្រាន់តែជាការរៀបចំគូរប្លង់ ឬប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនោះទេ ប៉ុន្តែជាការធ្វើយ៉ាងណាគិតគូរបង្កើតគំនិតកែច្នៃទាញយកប្រយោជន៍ ដើម្បីធ្វើឲ្យទីក្រុងអាចរស់រានមានជីវិតបាន មានន័យថាធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ មានប្រាក់ចំណូល សេដ្ឋកិច្ចទីក្រុងមានភាពរឹងមាំ និងលូតលាស់ផងដែរ។
សូមជម្រាបថា គម្រោងនេះបានផ្តល់ការគាំទ្របច្ចេកទេសលើកិច្ចការ ២សំខាន់ គឺការកសាងផែនការ និងសមត្ថភាពក្នុងផ្នែករៀបចំដែនដី និងនគរូបនីយកម្ម ហើយផ្តើមចេញពីគម្រោងនេះ ជាប្រទីបបំភ្លឺផ្លូវលើការរៀបចំកម្ពុជាឱ្យទៅជា «កម្ពុជាមាតុភូមិខ្ញុំ», បណ្តុះគំនិតអោយប្រជាជនស្រលាញ់ទឹកដីនិងជាតិនិយម ដោយធ្វើការកំណត់អត្តសញ្ញាណរបស់ជាតិយើង ព្រមទាំងរៀបចំដែនដី និងសេដ្ឋកិច្ចកម្ពុជា៕