អភិបាលក្រុងព្រៃវៃង បានដឹកនាំធ្វើយុទ្ធនាការអនាម័យល្អ បរិស្ថានស្អាត នាំមកនូវសុខភាព បរិស្ថានស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា!


ព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវៃង  និងលោក ប៊ិន សំភា អនុប្រធានមន្ទីរបរិស្ថានខេត្ត បានសហការគ្នា ធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថានក្រុងព្រៃវែង នៅចំណុចចុងប៉មមាត់ទន្លេ រហូតដល់សណ្ឋាគារណាវី សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ ខ្ញុំបាទ បានអំពាវនាវដល់ប្អូនៗសិស្សានុសិស្ស ចូលរួមក្នុងការសម្អាតបរិស្ថានក្រុង ដើម្បីធ្វើឱ្យក្រុងព្រៃវែង មានសោភណភាពស្អាត អនាម័យបរិស្ថានស្អាត និងជាពិសេសដើម្បីត្រៀមក្នុងការទទួលភ្ញៀវទេសចរណ៍ ញាតិមិត្តមកពីទីជិត ទីឆ្ងាយដែលមកលេងក្នុងព្រឹត្តិការណ៍ “សង្រ្កានព្រៃវែង” ឆ្នាំ២០២៥ ផងដែរ។
មានអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោកនាយក នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងបី ការិយាល័យ អង្គភាព និងមន្ត្រីរាជការចំណុះរដ្ឋបាលក្រុងទាំងអស់ រដ្ឋបាលសង្កាត់កំពង់លាវ មេភូមិ អនុភូមិ គ្រប់ភូមិទាំង០៨ភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យ ព្រះអង្គឌួង និងវិទ្យាល័យហ៊ុន សែន កំពង់លាវ បុគ្គលិកក្រុមហ៊ុន ស៊ិន ទ្រី ស.ស.យ.កវិទ្យាល័យទាំង២ និង យុវជនកាកបាទក្រហមកម្ពុជាក្រុង ព្រមទាំងសមាសភាពពាក់ព័ន្ធ អ្នកចូលរួមសរុបចំនួនប្រមាណ ៣៥០នាក់។
ឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងនាមរដ្ឋបាលក្រុងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមឈប់បោះសំរាមចោលតាមដងផ្លូវហើយសូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា។