អភិបាលខេត្តបាត់ដំបង ដឹកនាំប្រតិភូរដ្ឋបាលខេត្ត ចុះទស្សនកិច្ចសហគមន៍ផ្ទះបុរាណ របស់ខេត្តចន្ទបុរី ប្រទេសថៃ


នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ចុះទស្សនកិច្ចសហគមន៍ផ្ទះបុរាណ របស់ខេត្តចន្ទបុរី ប្រទេសថៃ និងធ្វើដំណើរដោយជិះកាណូតទៅកាន់សហគមន៍បាងសៈកៅ ដើម្បីទស្សនាសហគមន៍តម្បាញកន្ទេលកក់បាងសៈកៅ ដែលជាប្រភពផលិតកន្ទេលកក់ និងផលិតផលធ្វើពីដើមកក់ និងដើមក្រចៅដែលមានលក្ខណៈពិសេស។

បន្ទាប់ពីធ្វើដំណើរទស្សនកិច្ចរួមមកភាគីទាំងពីរបាន ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំរវាង ឯកឧត្តម អភិបាលខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ និងឯកឧត្ដម អភិបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ នៃកិច្ចដំណើរការឆ្ពោះទៅកាន់ទីក្រុងបណ្តាញនៃការច្នៃប្រឌិតផ្នែកវិជ្ជាម្ហូបអាហារ របស់ខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ៕