ឯកឧត្តម ប៊ិន ត្រឈៃ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលនៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០


ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលនៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ និងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ដែលកំពុងឈរជើងនៅតំបន់សំឡូត ខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្តម ប៊ិន ត្រឈៃ បានថ្លែងរំលឹកគុណតម្លៃនៃសន្តិភាព និងគុណបំណាច់ពុំអាចកាត់ថ្លៃបាននៃនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញជូនជាតិ និងប្រជាជន និងបានគូសរំលឹកថា កម្ពុជាធ្លាប់បានឆ្លងកាត់ដំណាក់កាលក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ ដែលធ្លាប់ជាប្រទេសពោរពេញទៅដោយការហែកហួរ បង្ហូរឈាមគ្នា សង្គ្រាមរ៉ាំរៃ និងការឈ្លានពានពីបរទេស។ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍ឯកស្ថាបនិកសន្តិភាព បាននាំមកនូវសុខសន្តិភាពពេញលេញជូនជាតិ និងប្រជាជន ទើបកម្ពុជាមានការអភិវឌ្ឍដូចសព្វថ្ងៃ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលឯកឧត្តមបានអញ្ជើញចូលរួមពិធីសំណេះសំណាល និងសួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាលការពារព្រំដែន ក្នុងនាមជារដ្ឋមន្ត្រីក្រសួងផែនការ និងបានគូសរំលឹកពីសារបាននៃសម្ព័ន្ធមេត្រីភាពរវាងកងកម្លាំងការពារព្រំដែន ជាមួយក្រសួងស្ថាប័ន ដែលនេះជាការគិតគូរប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ក្នុងការផ្សារភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសរំលឹកខ្លះៗអំពីប្រវត្តិសាស្ត្រនៃតំបន់សំឡូត ដែលពីអតីតកាល គឺជាទីតាំងឈរជើងចុងក្រោយរបស់កងទ័ពខ្មែរក្រហមក្នុងការប្រយុទ្ធតទល់ជាមួយកងកម្លាំងរបស់រាជរដ្ឋាភិបាល ហើយពុំមាននរណាហ៊ានមកទីនេះនោះទេ ព្រោះជាទីកន្លែងដែលពោរពេញទៅដោយសង្គ្រាម។ ប៉ុន្តែតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវការធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមជាមួយកងកម្លាំងរាជរដ្ឋាភិបាល ទើបយើងទទួលបានសុខសន្តិភាព សុវត្ថិភាពដូចសព្វថ្ងៃ ហើយជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នេះ ក៏ត្រូវបានធានា និងមានការរីកចម្រើនជាលំដាប់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ថ្វីត្បិតតែបច្ចុប្បន្នមាតុភូមិរបស់យើងមានសុខសន្តិភាពពេញបរិបូរណ៍ ក៏ប៉ុន្តែកងកម្លាំងនគរបាលជាតិ នៅតែបន្តបំពេញតួនាទីយ៉ាងសកម្មក្នុងការរួមចំណែកការពារសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកៀកស្មាគ្នាយ៉ាងជិតស្និតជាមួយកងយោធពលខេមរភូមិន្ទ ការពារអធិបតេយ្យភាព បូរណភាពទឹកដី រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងមានការអភិវឌ្ឍ។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះឆន្ទៈដ៏មោះមុត និងពលិកម្ម ប្រកបដោយវីរភាពអង់អាចក្លាហានរបស់បងប្អូនកងកម្លាំង ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ ហ៊ានបូជាអាយុជីវិត ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមការពារជាតិមាតុភូមិ និងដែនសីមារបស់កម្ពុជា។ ក្រសួងផែនការបាននាំអំណោយមកចែកជូនបងប្អូនកងកម្លាំងយើង គឺជាការបង្ហាញឱ្យឃើញពីមនសិការស្នេហាជាតិខ្ពស់ ការយកចិត្តទុកដាក់ក្នុងស្មារតីចែករំលែក និងជាពិសេសការស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកងកម្លាំងនគរបាលដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា ការពារជាតិមាតុភូមិនៅតាមបណ្ដោយព្រំដែន។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងផែនការ រួមទាំងមន្ទីរផែនការរាជធានី-ខេត្តទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា ដើម្បីរួមចំណែករៀបចំជាគ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនបងប្អូនកងកម្លាំង ដែលកំពុងឈរជើង នៅភូមិសាស្ត្រតំបន់សំឡូត នាឱកាសនេះ។

ស្របពេលដែលប្រជាជនទូទាំងប្រទេសត្រៀមទទួលអំណរសាទរនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តមរដ្ឋមន្ត្រីបានប្រសិទ្ធពរ និងបួងសួងដល់បុណ្យបារមីទេវតាឆ្នាំថ្មីថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយតាមថែរក្សាការពារដល់កងកម្លាំងនគរបាលទាំងអស់ នៃអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ និងអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីឈរជើងការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា មាតុភូមិជាទីស្រលាញ់នៃយើង ឱ្យបានគង់វង្សស្ថិតស្ថេរចីរកាលជានិច្ចនិរន្តររហូតតរៀងទៅ៕