ឯកឧត្តម កែ គឹមយ៉ាន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអភិរក្ស អភិវឌ្ឍ គាំទ្រ និងលើកស្ទួយសុខដុមនីកម្មសាសនា ប្រឆាំងដាច់ខាតការរើសអើងជំនឿសាសនា


(បន្ទាយមានជ័យ)៖ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអភិរក្ស អភិវឌ្ឍ គាំទ្រ និងលើកស្ទួយសុខដុមនីកម្មសាសនា ហើយប្រឆាំងដាច់ខាតការរើសអើងជំនឿសាសនា។

ឯកឧត្តម ថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ ម៉ៅ ម៉ាល័យ ព្រមទាំងក្រុមការងារគ្រប់ថ្នាក់ និងអាជ្ញាធរដែនដីអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមានិងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តរតននិមិត្តសំពៅផល ដែលមានតម្លៃសរុប ៣២៨ ៤៤១ដុល្លារអាមេរិក ស្ថិតនៅឃុំរហាត់ទឹក ស្រុកមង្គលបូរី នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក ប្រគេនពរ និងជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារីប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគេននិងជូនអ្នកបន្ទាយមានជ័យទាំងអស់ ពិសេសអាជ្ញាធរស្រុកមង្គលបូរី ចំពោះការរួមចំណែកគំាទ្រក្នុងស្មារតីសាមគ្គីភាព ទទួលខុសត្រូវ អភិវឌ្ឍមូលដ្ឋាន និងជីវភាពរស់នៅកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បានបន្តថារាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត បានខិតខំអភិរក្ស អភិវឌ្ឍ គាំទ្រ លើកស្ទួយ ការគោរពនូវសិទ្ធិសេរីភាពខាងជំនឿ សាសនា ការខិតខំពង្រឹងសុខដុម នីកម្មរវាងគ្រប់សាសនា ជាតិសាសន៍ ប្រឆាំងដាច់ខាតការរើសអើងជំនឿសាសនា សំដៅប្រែក្លាយសក្តានុពលសាសនាទាំងអស់ទៅជាកម្លាំងសាមគ្គីជាតិតែមួយដ៏ខ្លាំងក្លា ក្នុងការការពារសន្តិភាព ឯកភាពជាតិ ជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកកម្ពស់សីលធម៌រស់នៅជាពិសេសយុវវ័យ តាមរយៈកម្មវិធីព្រះពុទ្ធសាសនា ការបញ្ចូលខ្លឹមសារអប់រំក្នុងពេលសម្តែងធម្មទេសនា ដើម្បីឲ្យយុវវ័យចៀសផុតពីអំពើអបាយ គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន ជាដើម ហើយវត្តអារាម ក៏បានផ្តល់ជាទីជម្រកសម្រាប់សិស្ស និស្សិត និងជនគ្មានទីពឹងសម្រាប់ស្នាក់អាស្រ័យផងដែរ ដែលជាកិច្ចការមនុស្សធម៌មួយក្នុងវិស័យពុទ្ធសាសនា។

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវដល់ មន្រ្តីរាជការ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងវិស័យពាក់ព័ន្ធទាំងអស់ ត្រូវបន្តរួមគ្នាពង្រឹងការអនុវត្តឲ្យបានម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សុខដុមនីកម្មសាសនា សុខភាព រៀបចំសណ្តាប់ធ្នាប់តាមទីអារាមទាក់ទាញទេសចរណ៍ សង្រ្កាន្តឆ្នាំថ្មី សុខភាពមនុស្សចាស់ ការផ្តល់សេវាដោយប្រសិទ្ធភាព រកទីផ្សារកសិផល បង្ការការពារគ្រោះរាំងស្ងួត និងអគ្គីភ័យជាដើម។

ជាមួយគ្នានេះដែរ ឯកឧត្តម បាននាំយកនូវទេយ្យវត្ថុ បច្ច័យកសាងវេរប្រគេនដល់ព្រះសង្ឃ និងនាំអំណោយចែកជូនមន្រ្តីរាជការ កងកម្លាំង និងអ្នកចូលរួម ព្រមទាំងបំពាក់គ្រឿងឥស្សរិយយជូនដល់សប្បុររសជន៕