លោកជំទាវ ឡោក ខេង លើកឡើងពីយន្តការ៣ចំណុចក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងកិច្ចសន្ទនានៃកិច្ចប្រជុំពិគ្រោះយោបល់របស់សភាស្ត្រីអាយប៉ាលើកទី៤


លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បណ្ដុះបណ្ដាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវគ្គកិច្ចសន្ទនានៃកិច្ចប្រជុំពិគ្រោះយោបល់របស់គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ាលើកទី៤ នៅទីក្រុង Kuching រដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទស្ដីពី «ការគាំទ្រកិច្ចខិតខំប្រឹងប្រែងសហការលើការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យនយោបាយ»។

លោកជំទាវបានមានប្រសាសន៍អំពីយន្តការ៣ចំណុចក្នុងការលើកកម្ពស់សមភាពយេនឌ័រ ឱ្យស្របនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយ៖

-ទី១យើងត្រូវលើកទឹកចិត្តយ៉ាងរឹងមាំដល់គណបក្សនយោបាយ ដើម្បីតែងតាំងបេក្ខជនស្ត្រីសម្រាប់ការបោះឆ្នោតថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ យើងក៏ប្រហែលជាត្រូវបង្កើតកូតាយេនឌ័រជាកាតព្វកិច្ច ដែលរក្សាចំនួនបេក្ខជនស្ត្រីជាក់លាក់ក្នុងការបោះឆ្នោតនីមួយៗ។

-ទី២យើងត្រូវអនុវត្តកម្មវិធីកសាងសមត្ថភាពដ៏រឹងមាំដែលផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ការណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រីដែលប្រាថ្នាចង់ក្លាយជាអ្នកនយោបាយ។ យើងត្រូវផ្តល់គំនិតផ្តួចផ្តើមបណ្តុះបណ្តាលដូចជាការបំពាក់ឱ្យស្ត្រីនូវជំនាញចាំបាច់ដូចជាការនិយាយជាសាធារណៈ និងការទំនាក់ទំនងនយោបាយ ដើម្បីឱ្យពួកគាត់មានភាពពូកែក្នុងមុខតំណែងរបស់ពួកគាត់។

-ទី៣ យើងត្រូវតែជំរុញបរិយាកាសនយោបាយដែលឆ្លើយតប និងប្រកាន់យេនឌ័រ។ យើងត្រូវការវិធីសាស្រ្ដសង្គមទាំងមូល ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងនយោបាយ។ វិធីសាស្រ្តបែបនេះគឺត្រូវតែពីកម្រិតថ្នាក់លើចុះក្រោម ក៏ដូចជាពីថ្នាក់ក្រោមឡើងលើផងដែរ។

លោកជំទាវក៏មានសារផ្ដាំផ្ញើជូនអង្គប្រជុំថា ការផ្លាស់ប្ដូរផ្នត់គំនិតក្នុងសមាជិកក្រុមគ្រួសារ ការបង្កើនសមត្ថភាពជូនស្ត្រី ការផ្ដល់ការគាំទ្រនិងទំនុកចិត្តដល់ស្ត្រី គឺមានសារៈសំខាន់ក្នុងការបង្កើនការចូលរួមនិងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងនយោបាយ ដើម្បីអភិបាលកិច្ចប្រកបដោយភាពរឹងមាំ និងបរិយាបន្នប្រសើរជាងមុន។ «សមភាពយេនឌ័រនៅថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»

វគ្គកិច្ចសន្ទានេះក៏មានការចូលរួមពីវាគ្មិនកិត្តិយសមកពី ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌នៃរដ្ឋសារ៉ាវ៉ាក់ ស្ថាប័នរដ្ឋបាលនៃរដ្ឋសារ៉ាវ៉ាក់ អង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) និងសមាគមសង្គម PurpleLily ផងដែរ។