សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ចំពោះការលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កន្លងទៅថ្មីៗនេះ។

ការថ្លែងបែបនេះរបស់សម្ដេចបវរធិបតី បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ នាយករដ្ឋមន្រ្តីថៃ ក្រោយបញ្ចប់ជំនួប និងពិធីចុះហត្ថលេខាលើឯកសារចំនួន៧ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែមេសានេះ អំឡុងពេលលោកជំទាវនាយករដ្ឋមន្រ្តីថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា។

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «ខ្ញុំសូមអរគុណមិត្តថៃ ដែលបានបន្តយកចិត្តទុកដាក់ចំពោះពលករកម្ពុជា ដែលថ្មីៗនេះ បានលើកលែងថ្លៃទិដ្ឋាការអនុញ្ញាតឱ្យចូលប្រទេសវិញ (Re-entry Permit Fee) សម្រាប់ពលករខ្មែរដែលមកលេងកម្ពុជា ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ដើម្បីបានជួបជុំគ្រួសារ ស្របតាមការស្នើសុំរបស់ខ្ញុំកន្លងទៅ»

សូមជម្រាបថា ការលើកលែងតម្លៃសេវាការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) បានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដល់បងប្អូនពលករខ្មែរ អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺជាការឯកភាពព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងប្រទេសថៃ នាពេលកន្លងមក៕