លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា អញ្ជើញនាំយកអង្ករវីតាមីនចំនួន៣០០កេស ជូនដល់មន្ទីរពេទ្យ តេជោសន្តិភាព


ដើម្បីចូលរួមក្មុងសកម្មភាពមនុស្សធម៍ ក៏ដូចជាជួយសម្រួលដល់ការស្នាក់អាស្រ័យ ពិនិត្យ ព្យាបាលជំងឺរបស់ ប្រជាពលរដ្ឋ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បាននាំយកអង្ករវីតាមីន ចំនួន៣០០កេស ផ្តល់ជូនមន្ទីរពេទ្យតេជោសន្តិភាព នារាជធានីភ្នំពេញ។

លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យ តេជោសន្តិភាព បានមានប្រសាសន៍ថា មន្ទីរពេទ្យតេជោសន្តិភាពបានបង្កើតឡើង មកពីបទពិសោធន៍ ដ៏ឈឺ ចាប់កាលពីឆ្នាំ២០២០ និង២០២១ ដែលពេលនោះកម្ពុជា ពុំទាន់មានទីកន្លែងគ្រប់គ្រាន់ ក្នុងការទទួលព្យាបាលអ្នកជំងឺកូវីដ-១៩រាប់ម៉ឺននាក់។ មន្ទីរពេទ្យនេះបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ, ប៉ិនប្រសប់, ម៉ឺងម៉ាត់ និង ប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយបានចង្អុលបង្ហាញជូនឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី សហការជាមួយឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីរកទីតាំងសាងសង់អគារសម្រាប់ដាក់អ្នកជំងឺកូវីដ១៩ ដែល ស្ថានការណ៍នាពេលនោះគឺមានអត្រាឆ្លងខ្ពស់និងចំនួនអ្នកស្លាប់ក៏មានការកើនឡើង។ ពេលនោះសម្តេចតេជោ ហ៊ុន សែន អតិតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ ដ៏មានសារៈសំខាន់ក្នុងការរៀបចំមន្ទីរពេទ្យនេះធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យនេះក្លាយជាមន្ទីរពេទ្យអាចផ្ទុកជំងឺទៅតាមបច្ចេកទេសវេជ្ជសាស្ដ្រ សម័យទំនើបដូច បណ្ដាល មន្ទីរពេទ្យផ្សេងទៀតនៅប្រទេសជឿនលឿនដើម្បីព្យាបាល ប្រជាពលរដ្ឋអោយប្រកបដោយ ភាពជឿជាក់និងផ្តល់នូវស្នាមញញឹម។ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យ តេជោសន្តិភាពបានបន្តថា មកទល់ពេលបច្ចុប្បន្ន នេះមន្ទីរពេទ្យតេជោសន្តិភាព បានដាក់ដំណើរការគ្រែចំនួនសរុប៧៥០គ្រែ លើ១០០០០គ្រែ មានចំនួន១៣ផ្នែក រួមមានផ្នែកពិគ្រោះជំងឺក្រៅ និងពិនិត្យសុខភាព, ផ្នែកសង្រ្គោះបន្ទាន់, ផ្នែកវេជ្ជសាស្រ្តទូទៅ និងជំងឺឆ្លង, ផ្នែកប្រពោធនកម្មវេជ្ជសាស្រ្ត, ផ្នែកសល្យសាស្ត្រ, ផ្នែករោគកុមារ និងទារកសាស្រ្ត, ផ្នែកសម្ភព និងរោគស្រ្តី, ផ្នែកប្រពោធនកម្មសល្យសាស្រ្ត, ផ្នែកសណ្ដំ, ផ្នែកមន្ទីរពិសោធន៍, ផ្នែករូបភាពវេជ្ជសាស្ត្រ, ផ្នែកឱសថ និងផ្នែករថយន្តសង្រ្គោះបន្ទាន់។ ដោយគិតត្រឹមឆ្នាំ២០២៤ មន្ទីរពេទ្យមានបុគ្គលិកសរុប៧៣២នាក់ ដែលក្នុងនោះមានបុគ្គលិក សុខាភិបាលចំនួន ៥៣៦នាក់ និងបុគ្គលិកមិនមែនសុខាភិបាលចំនួន១៩៦នាក់ សម្រាប់ប្រតិបត្តិការ ការងារប្រចាំ ថ្ងៃប្រកបដោយនិយ័តកម្ម។ ដើម្បីអនុវត្តស្របតាមកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅ កម្មវិធីគ្របដណ្តប់ សុខភាព ជាសកល ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យ ការពង្រីកការថែទាំសុខភាព របស់របប សន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស. និងមូលនិធិសមធម៌ មន្ទីរពេទ្យបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការព្យាបាល និងបម្រើប្រជាពលរដ្ឋដោយមិនរើសអើងឡើយ ។ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មានបានមានប្រសាសន៌ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការយកចិត្ត ទុកដាក់របស់ សម្តេចមហា បរវធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត តែងបានយកចិត្តទុកដាក់ ចំពោះសុខមាលភាពសង្គម ពិសេសសុខភាពស្រ្តីនឹងកុមារ ហើយក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់លោក លោកស្រីជាថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ បុគ្គលិក និងអ្នកជំងឺនៃ មន្ទិរពេទ្យតេជោសន្តិភាពទាំងអស់ សូមអោយមានសុខភាពល្អ និងស្នាមញញឹមជានិច្ចនិរន្ត ។ លោកជំទាវបាន កោតសរសើរលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យ តេជោសន្តិភាព ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ទីរពេទ្យតេជោសន្តិភាពទាំងអស់ ដែលតែងតែខិតខំបំពេញការងារអស់ពី កម្លាំងកាយចិត្ត ក្នុងការមើលថែទាំ ពិនិត្យ ពិគ្រោះ ព្យាបាល អ្នកជំងឺប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមវិជ្ជាជីវៈ វេជ្ជសាស្រ្តរបស់ក្រុមគ្រូពេទ្យជូនដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពេលវេលា និន្នាការនយោបាយ ពណ៍សម្បុរនោះគឺសំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋដែលមានជំងឺធ្ងន់មកស្រាល អ្នកជំងឺស្រាល មកមានការជាសះស្បើយ ឡើងវិញ ។

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មានបានបន្តថា ទោះជាការផ្តល់ជូននូវអង្ករវីតាមីនចំនួន៣០០កេសនាឱកាសពុំទាន់អាចឆ្លើយតបទៅ និងតំរូវការនៃអ្នកជំងឺយ៉ាងណាក៏ដោយប៉ុន្តែក៏ពិតជាអាចជួយសម្រួលនូវកង្វះខាតរបស់ប្រជាពលរដ្ឋមួយរយៈពេលនៃការសម្រាកព្យាបាលជំងឺផងដែរ។

លោកជំទាវ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានបោះជំហ៊ានយ៉ាងស្វាហាប់ និងបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៍ ប្រសិទ្ធភាព និងចីរភាព សម្រាប់ការអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។ ដូចគ្នានេះដែរកាយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋជាកត្តាដ៏សំខាន់និងមិនអាចខ្វះបានសម្រាប់ ជីវិតប្រចាំថ្ងៃ។ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មានបានសំណូមពរដល់ប្រជាពលរដ្ឋអោយយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ ខ្លួននិងក្រុមគ្រួសារ ដោយប្រកាន់យកនូវការស់នៅស្អាត ហូបស្អាត បរិស្ថានជុំវិញខ្លួនអោយបានស្អាតល្អ បញ្ហាសុខភាពគឺជាបញ្ហាប្រឈមមួយដែលត្រូវរួមគ្នាដោះស្រាយដើម្បីសុខដមរម្យនីយកម្មនៃសង្គមកម្ពុជានាពេល បច្ចុប្បន្ន និងឆ្ពោះទៅអនាគត។

បន្ទាប់ពីដំណើរទស្សនៈកិច្ចនៃមន្ទីរពេទ្យរួចមក លោកជំទាវ ទុយសិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមនិងគណប្រតិភូបានផ្តល់ជូនអង្ករវីតាមីន ជូនដល់មន្ទីរពេទ្យតេជោសន្តិភាពសម្រាប់ផ្តល់ជូន អ្នកជំងឺដែលសម្រាកព្យាបាលផងដែរ។