ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធាន យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធាន គណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អមដំណើរដោយលោកជំទាវ ហេង សំអូន សមាជិកាគណៈកម្មាធិការកណ្តាល គណបក្ស អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងឯកឧត្តមសមាជិកគណៈអចិន្ត្រៃយ៍មួយចំនួន បានអញ្ជើញសួរសុខទុក្ខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ស្ថិតនៅភូមិគ្រឹះរបស់សម្តេច។
ជំនួសមុខសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមគោរពសម្តែងនូវគារវកិច្ចដ៏ស្មោះត្រង់បំផុត និងសូមគោរពកោតសរសើរអស់ពីដួងចិត្តជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលជាឥស្សរជនជាន់ខ្ពស់មួយរូប បានតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងបទពិសោធន៍ ដើម្បីបំពេញភារកិច្ចដ៏ឧត្តុងឧត្តម ក្នុងការបម្រើប្រទេសជាតិមាតុភូមិដ៏បវររុងរឿង នៃយើង ឱ្យមានការរីកចម្រើនជឿនលឿនខ្លាំងក្លា តាមរយៈការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងការលើកកម្ពស់កិត្យានុភាពរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្បីរន្ទឺទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិផងដែរ។
ឯកឧត្តមបណ្ឌិត ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ សម្តេចពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី ចៅ ចៅទួត ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕